(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧១ឈានចូល ៧២ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។
យើងខ្ញុំទាំងអស់គ្នា សូមអនុញ្ញាតសម្តែងនូវសោមន្សរីករាយដោយស្មោះអស់ពីដួងចិត្ត និងចូលរួមជូននូវសព្ទសាធុការពរជ័យ បវរមហាប្រសើរគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងកាយមាំមួន ប្រាជ្ញាភ្លឺថ្លា មានជន្មាយុយឺនយូរ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជាទទួលបានជោគជ័យថែមទៀត រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តីយ៉ាងស្មោះស្ម័គ្រចំពោះគុណូបការៈដ៏ធំធេងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់ជីវភាពរស់នៅនិងទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយនានា ទុរគតជន ស្ត្រីមេម៉ាយ និងកុមារដែលងាយរងគ្រោះ។ កាយវិការ មនុស្សធម៌ដ៏ប្រពៃថ្លៃថ្លានេះ ស័ក្តិសមជាភរិយាដ៏ឧត្តមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាទីគោរពស្រលាញ់របស់ប្រជាជនកម្ពុជា ជាមាតា ជាជីដូនប្រកបដោយព្រហ្មវិហារធម៌ ជាកុលធីតាដ៏ឆ្នើម និងជាស្ត្រីថ្នាក់ដឹកនាំជាតិមួយរូប ស័ក្តិសមនឹងកិត្តិយសដែលជាតិនិងអន្តរជាតិប្រគល់ជូនជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ជាប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម លើកតម្លៃស្ត្រី និងគ្រួសារខ្មែរ។
ក្នុងឱកាសដ៏ប្រពៃនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិ សិទ្ធិក្នុងលោក ឫទ្ធីតេជៈបារមី សូមប្រោសប្រទានពរជ័យជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចតេជោ ព្រមទាំង បុត្រា បុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
