(ភ្នំពេញ)៖ យោធិនគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវទស្សនៈគោលជំហរស្មោះត្រង់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ លុបបំបាត់ឲ្យអស់នូវភាពអសកម្មទាំងឡាយណាដែលប្រាសចាកពីក្រឹត្យច្បាប់ បទវិន័យ និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិ។
នេះជាការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានថ្លែងក្នុងពិធីផ្សព្វផ្សាយណែនាំការប្រើប្រាស់ស្លាកសញ្ញាយោធា ដល់ថ្នាក់ដឹកនាំ នាយទាហាន ជុំវិញស្ថាប័នអគ្គបញ្ជាការ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ នៅអគ្គបញ្ជាការដ្ឋាន។
លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា នាយកទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការ បានគូសបញ្ជាក់ថា ការរៀបចំផ្សព្វផ្សាយឯកសារសញ្ញាសម្គាល់យោធានាពេលនេះ ធ្វើឡើងដើម្បីឆ្លើយតបសេចក្តីត្រូវការតាមចំពោះមុខរបស់កងទ័ព ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត ធានាឲ្យយោធិនគ្រប់ថ្នាក់ គ្រប់កងឯកភាព មានការយល់ដឹងជា “ធ្លុងមួយ” ក្នុងការប្រើប្រាស់សញ្ញាសម្គាល់យោធា។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះទីចាត់ការហ្វឹកហ្វឺន ក្រុមការងារ និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មក្នុងការរៀបចំចងក្រងសៀវភៅសញ្ញាសម្គាល់យោធា រហូតសម្រេចបានសមិទ្ធផលដ៏ថ្លៃថ្លានេះ។
ឯកឧត្តម អគ្គមេបញ្ជាការ បានផ្តាំផ្ញើបណ្ដាប្រភេទទ័ព ទ័ពជំនាញ និងស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋាន ត្រូវចាត់តាំងផ្សព្វផ្សាយសៀវភៅនេះឲ្យបានដល់យោធិនជំនាញ ដើម្បីការប្រើប្រាស់សញ្ញាសម្គាល់យោធានេះបានត្រឹមត្រូវ ច្បាស់លាស់ទាំងរូបភាព ពណ៌ អក្សរ និងលេខសញ្ញា សមស្របទៅនឹងទំហំខ្នាតដែលបានកំណត់៕
