អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងក្រុមហ៊ុន ថារី អភិវឌ្ឍន៍ អញ្ជើញចុះសួរសុខទុក្ខកងទ័ព ក្នុងបញ្ជាការដ្ឋានការពារអាកាស នាឱកាសបុណ្យចូលឆ្នាំថ្មី

(ភ្នំពេញ)៖ ក្នុងស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់កងកម្លាំងប្រដាប់អាវុធ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយ លោកឧកញ៉ា ឈន ថារី អគ្គនាយកក្រុមហ៊ុន ថារី អភិវឌ្ឍន៍ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព បានអញ្ជើញចុះសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាន បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការដ្ឋាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅព្រឹកថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦។ 

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អ៊ុង សំអាត បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រសួង ជូនដល់កងទ័ពទាំងអស់ដែលបានខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដី និងរក្សាសន្តិសុខជូនជាតិមាតុភូមិយ៉ាងសកម្ម។ ឯកឧត្តមបានបញ្ជាក់ថា៖ “ការចុះសួរសុខទុក្ខនៅពេលនេះ គឺជាការបង្ហាញពីចំណងសាមគ្គីភាពយ៉ាងជិតស្និទ្ធរវាងស្ថាប័នរដ្ឋ វិស័យឯកជន និងកងកម្លាំងប្រដាប់អាវុធ ស្របតាមគោលនយោបាយសម្ព័ន្ធមេត្រីភាព រវាងអង្គភាពស៊ីវិល និងអង្គភាពកងទ័ព។”

ជាមួយនោះ គណៈប្រតិភូបានសន្យាថានឹងបន្តគាំទ្រ និងរួមចំណែកជួយដល់បញ្ជាការដ្ឋានការពារអាកាសជាបន្តបន្ទាប់ទៀត ដើម្បីជាការដឹងគុណដល់វីរភាពរបស់កងទ័ពយើង និងបានជូនពរដល់កងទ័ពទាំងអស់ឱ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចការពារជាតិ និងសូមឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ប្រកបដោយភាពសប្បាយរីករាយ និងសុភមង្គលគ្រប់ក្រុមគ្រួសារ។ 

ឆ្លើយតបក្នុងឱកាសនោះ ឧត្ដមសេនីយ៍ទោ អឿ សំអុល មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអង្គភាពសម្ព័ន្ធមេត្រីភាព ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃ អញ្ជើញមកលើកទឹកចិត្ត ផ្តល់នូវក្តីគោរពស្រលាញ់រាប់អាន ចូលរួមចំណែកជួយឧបត្ថម្ភ គាំទ្រដល់អង្គភាព ក៏ដូចជាក្រុមគ្រួសារយោធិន។

ឯកឧត្ដម ឧត្ដមសេនីយ៍ទោ មេបញ្ជាការ បានជូនពរគណៈប្រតិភូ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ ឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងបញ្ញាភ្លឺថ្លា និងទទួលបាន ជោគជ័យរាល់ភារកិច្ច និងអាជីវកម្មកាន់តែរីកចម្រើនរុងរឿងជានិរន្តរ៍៕