(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ វូ ហុងសឺន (VU HONG SON) មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាសកងទ័ពប្រជាជនវៀតណាម បានបញ្ជាក់ថា វៀតណាមកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីធានាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ វូ ហុងសឺន បានរំលឹកពីទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពដ៏រឹងមាំរវាងកម្ពុជា និងវៀតណាម ដែលបានប្រកៀកស្មាគ្នាតស៊ូក្នុងអតីតកាល។ លោកឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ការជួយគ្នាទៅវិញទៅមក និងការរក្សាចំណងសាមគ្គីភាពរវាងប្រទេសទាំងបី វៀតណាម កម្ពុជា ឡាវ គឺជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍ និងសន្តិភាពក្នុងតំបន់។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការកងទ័ពការពារអាកាសនៃប្រទេសទាំងពីរ លោកបានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ និងស៊ីជម្រៅដែលមានជាយូរមកហើយ ដោយបានលើកឡើងថា នាយទាហានកម្ពុជា មួយចំនួនត្រូវបានទទួលការបណ្តុះបណ្តាលនៅវៀតណាម ដែលជាកត្តាសំខាន់ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស និងរឹតចំណងមិត្តភាពរវាងកងទ័ពទាំងពីរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងមោទនភាពចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពកម្ពុជា-វៀតណាម ដែលត្រូវបានពង្រឹងជាបន្តបន្ទាប់។ ឯកឧត្តមបានបង្ហាញជំនឿជាក់ថា ជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំកងទ័ពជើងអាកាសនៃប្រទេសទាំងពីរ នឹងទទួលបានលទ្ធផលជោគជ័យ និងរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ។
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក៏បានថ្លែងអំណរគុណដល់បក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាម ដែលបានផ្តល់ការគាំទ្រ និងជំនួយជាបន្តបន្ទាប់ដល់កម្ពុជា ជាពិសេសលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍសមត្ថភាពកងទ័ពជើងអាកាស។
ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាលធនធានមនុស្ស ការចែករំលែកព័ត៌មាន ការទប់ស្កាត់បទល្មើសឆ្លងដែន និងការសហការក្នុងការឆ្លើយតបគ្រោះមហន្តរាយ។
ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះវៀតណាម ដែលបានគាំទ្របទឈប់បាញ់ និងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានចាត់បញ្ជូននាយទាហានចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
ឯកឧត្តម ក៏បានស្នើឲ្យវៀតណាមបន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃឱ្យបានយូរអង្វែង៕

