(ពោធិ៍សាត់)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងលើកទិសដៅការងារបន្តក្នុងការអនុវត្តយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តជុំវិញបឹងទន្លេសាប តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តក្នុងភូមិសាស្ត្រជុំវិញបឹងទន្លេសាប មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីរួមគ្នាពិភាក្សា និងដោះស្រាយបញ្ហាប្រឈមចំពោះមុខ។
នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានស្ដាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល១៨ខែកន្លងមកនេះ ដោយក្នុងនោះកងកម្លាំងចម្រុះដែលមានយោធាជាប្រធានគណៈបញ្ជាការកងឯកភាពបង្ក្រាបបទល្មើសនេសាទ និងអាជ្ញាធរដែនដីបានសហការគ្នាយ៉ាងសកម្មដោយមានប្រជាពលរដ្ឋចូលរួមក្នុងការចុះល្បាត ឃាត់ខ្លួនជនល្មើស ដកហូត និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ជាច្រើនករណីរហូតធ្វើឱ្យមហាជនសរសើរនិងសាទរនូវលទ្ធផលទប់ស្កាត់-បង្ក្រាបបទល្មើសនេសាទរហូតដល់បច្ចុប្បន្ននេះសំបូរត្រីឡើងវិញ។
មានប្រសាសន៍ណែនាំនិងបូកសរុបនៅក្នុងកិច្ចប្រជុំ ឯកឧត្តម អគ្គមេបញ្ជាការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងចម្រុះ អាជ្ញាធរខេត្តទាំង៥ និងមន្ត្រីពាក់ព័ន្ធ ដែលបានរួមគ្នាយ៉ាងសកម្មក្នុងការការពារធនធានធម្មជាតិ និងមច្ឆជាតិដ៏មានតម្លៃរបស់ជាតិប្រកបដោយជោគជ័យ។
ដើម្បីបង្កើនប្រសិទ្ធភាពការងារនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានដាក់ចេញនូវវិធានការ និងទិសដៅការងារចំពោះមុខយ៉ាងម៉ឺងម៉ាត់ រួមមាន៖
១.គោរពដាច់ខាតបទបញ្ជារបស់រាជរដ្ឋាភិបាល៖ ត្រូវចូលរួមគាំទ្រ និងអនុវត្តបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទត្រី ព្រៃឈើ និងទន្ទ្រានដី
២.កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទត្រូវរួមគ្នាស្រាវជ្រាវបង្ក្រាបបទល្មើស កសាងសំណុំរឿង បញ្ជូនជនល្មើសដើម្បីផ្ដន្ទាទោសតាមច្បាប់
៣.ត្រូវធ្វើការអប់រំឱ្យប្រជាពលរដ្ឋយល់អំពីច្បាប់ស្ដីពីជលផលដើម្បីឱ្យពួកគាត់ចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើស
៤.ត្រូវបន្តស្រាវជ្រាវដកហូតឧបករណ៍នេសាទខុសច្បាប់ដូចជាឧបករណ៍ឆក់ និងមងក្រឡាញឹក
៥.កម្លាំងសមត្ថកិច្ចទាំងអស់គឺជាកម្លាំងសាមគ្គីភាព មានឆន្ទៈ មនសិការក្នុងអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់
ជាមួយនេះ ឯកឧត្តម អគ្គមេបញ្ជាការ បានសង្កត់ធ្ងន់ថា មិនត្រូវឱ្យមានការពាក់ព័ន្ធ ឬកិច្ចការពារពីសំណាក់មន្ត្រីអាជ្ញាធរ ឬកងកម្លាំងណាម្នាក់ជាមួយជនល្មើសឡើយ បើរកឃើញថាមានការកាង ឬឃុបឃិត ត្រូវអនុវត្តវិន័យកងទ័ព និងទោសទណ្ឌតាមផ្លូវច្បាប់ជាធរមាន។ ចំពោះឧបករណ៍នេសាទខុសច្បាប់មួយចំនួនមិនត្រូវយកបម្រើឱ្យបេសកកម្មបង្ក្រាបបានទេ គឺត្រូវបំផ្លាញចោលភ្លាម៕
