(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦ នៅសាលាពលទាហានយោធភូមិភាគទី៣ ដោយមានយុវជនចូលរួមប្រមាណ ៥០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរចំពោះយុវជនដែលបានស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាប្រកបដោយស្មារតីស្នេហាជាតិ និងបានថ្លែងអំណរគុណដល់មាតាបិតា អាណាព្យាបាល និងក្រុមគ្រួសារ ដែលបានគាំទ្រកូនចៅឱ្យចូលរួមបំពេញភារកិច្ចការពារជាតិមាតុភូមិ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានពាំនាំនូវការនឹករឭក សួរសុខទុក្ខ និងការកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ជូនដល់ថ្នាក់ដឹកនាំ យោធាចារ្យ និងយោធិនទាំងអស់ផងដែរ។
ឯកឧត្តម បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះមានគោលបំណងផ្តល់ចំណេះដឹង ជំនាញ បទពិសោធន៍ និងអប់រំវិន័យកងទ័ពដល់យុវជន ដើម្បីកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងភាពអត់ធ្មត់ សម្រាប់ត្រៀមបំពេញភារកិច្ចការពារជាតិ ប្រជាជន អធិបតេយ្យភាព និងបូរណភាពទឹកដី នៅពេលប្រទេសជាតិត្រូវការ។
ឯកឧត្តម ក៏បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសាមគ្គីភាពជាតិ និងការបន្តធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ដើម្បីលើកកម្ពស់សមត្ថភាពឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខទាំងប្រពៃណី និងមិនប្រពៃណី រួមទាំងគ្រោះមហន្តរាយ ជំងឺឆ្លង សន្តិសុខព័ត៌មាន និងការវិវឌ្ឍនៃបច្ចេកវិទ្យាទំនើប។
ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ថា ការបំពេញកាតព្វកិច្ចយោធា គឺជាកាតព្វកិច្ច និងកិត្តិយសរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការរួមចំណែកការពារជាតិ ព្រមទាំងជាឱកាសសម្រាប់យុវជនកសាងវិន័យ កាយសម្បទា ចំណេះដឹង ជំនាញ និងសមត្ថភាពរស់នៅជាក្រុម ដែលអាចយកទៅប្រើប្រាស់ក្នុងជីវិត និងការងារនាពេលអនាគត។
នៅចុងបញ្ចប់ ឯកឧត្តម បានផ្តាំផ្ញើដល់យុវជនយោធិនកាតព្វកិច្ច ត្រូវប្រកាន់ខ្ជាប់ស្មារតីស្នេហាជាតិ និងស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាល គោរពច្បាប់ និងបទបញ្ជារបស់កងទ័ព ពង្រឹងសាមគ្គីភាព ឯកភាព ខិតខំសិក្សារៀនសូត្រ និងហ្វឹកហាត់ឱ្យបានម៉ឺងម៉ាត់ ព្រមទាំងប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ រក្សាការសម្ងាត់កងទ័ព ចៀសវាងគ្រឿងញៀន ល្បែងស៊ីសង និងអំពើល្មើសគ្រប់ប្រភេទ ដើម្បីក្លាយជាយោធិនមានគុណភាព និងជាពលរដ្ឋល្អសម្រាប់សង្គមជាតិ៕
