អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក មាស វណ្ណា ផ្ញើសារអបអរសាទរ និងគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទទួលបានការបោះឆ្នោតជ្រើសតាំង ជាប្រធានកាកបាទក្រហមកម្ពុជា អាណត្តិទី៧

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ បានផ្ញើសារអបអរសាទរ និងគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទទួលបានការបោះឆ្នោតជ្រើសតាំង ជាប្រធានកាកបាទក្រហមកម្ពុជា អាណត្តិទី៧ នៅក្នុងមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នាសណ្ឋាគារហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ។

យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវអំណរសាទរ ប្រកបដោយក្តីរំភើបរីករាយជាទីបំផុត គោរពជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនេះមិនត្រឹមតែជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តម សម្រាប់សម្តេចផ្ទាល់ប៉ុណ្ណោះទេ តែក៏ជាមោទកភាព ដ៏ខ្ពង់ខ្ពស់បំផុត របស់កាកបាទក្រហមកម្ពុជាទាំងមូលផងដែរ។

ការបោះឆ្នោតជ្រើសតាំងនាពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិតជាស័ក្តិសមបំផុតទៅនឹងសមត្ថភាព ទេពកោសល្យ និងភាពជាអ្នកដឹកនាំ ប្រកបដោយបញ្ញាញណ ភាពឈ្លាសវៃ និងប៉ិនប្រសប់ក្នុងការដឹកនាំកាកបាទក្រហមកម្ពុជា ឱ្យទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ជារៀងរហូតមក។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំ សូមសម្តែងនូវការគោរពដោយស្មោះអស់ពីដួងចិត្ត និងការគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុត ចំពោះគំរូវីរៈភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងតួនាទីជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ និងជាឧត្តមភរិយាដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាលតែងតែប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងនាមជាមាតាមនុស្សធម៌ ជួយដោះស្រាយទុក្ខលំបាក ជូនប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ អ្នកទីទ័លក្រ អ្នកផ្ទុកមេរោគអេដស៍ ក្រុមជនងាយរងគ្រោះ ស្ត្រី កុមារ ជនពិការ ជនចាស់ជរាគ្មានទីពឹង ដែល ស្ថិតក្នុងស្ថានភាពងាយរងគ្រោះ បានទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់ចោល ព្រមទាំងរួម ចំណែកលើកស្ទួយសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រីក្នុងសង្គម លើកកម្ពស់សីលធម៌ សង្គម និងតម្លៃស្ត្រី ដែលធ្វើឱ្យស្ត្រីកម្ពុជាមានឱកាស ចូលរួមគ្រប់សកម្មភាពសង្គម និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ជារៀងដរាបមក។

ជាថ្មីម្តងទៀត យើងខ្ញុំសូមលើកហត្ថបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សា ព្រះរាជាណាចក្រម្ពុជា សូមតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ដែលជាឧត្តមស្វាមី ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕