(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងការសោកស្ដាយជាពន់ពេក ចំពោះមរណភាព ឯកឧត្ដម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងជាប្អូនបង្កើតរបស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។
យើងខ្ញុំ មានក្តីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ដោយបានទទួលដំណឹងអំពីមរណភាពរបស់ ឯកឧត្តម ឃួន ផល្លារិទ្ធ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់សម្តេច-រដ្ឋសភាធិបតី ដែលទទួលមរណភាព នៅថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៧:៤០នាទី ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ ឯកឧត្តម ឃួន ផល្លារិទ្ធ គឺជាការបាត់បង់នូវប្អូនប្រុសបង្កើត ស្វាមី និងជាឪពុក ជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ជាទីបំផុតរបស់បងស្រី ភរិយា និងកូនៗ និងញាតិមិត្តទាំងអស់ ជាពិសេសគឺបាត់បង់ធនធានមនុស្សម្នាក់ដែលតែងតែលះបង់មិនខ្លាចនឿយហត់ក្នុងការបម្រើការងារក្នុងអង្គភាពខុទ្ទកាល័យរបស់ សម្ដេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា ហើយឯកឧត្តម ឃួន ផល្លារិទ្ធ ជាកម្មាភិបាលម្នាក់ នៃគណៈឃោសនាអប់រំមជ្ឈិម ដែលបានចូលរួមយ៉ាងសកម្មនៃការងារសតិអារម្មណ៍ ដើម្បីកសាងមាតុភូមិដោយស្មោះស្ម័គ្រឥតងាករជូនជាតិ។
ក្នុងវេលាដ៏សោកសង្រេងប្រកបដោយសេចក្តីសង្វេគជាទីបំផុតនេះ ខ្ញុំ និងក្រុមគ្រួសារសូមរំលែកនូវមរណទុក្ខ ដ៏ក្រៀមក្រំនេះជាមួយ សម្តេចរដ្ឋសភាធិបតី និងក្រុមគ្រួសារ និងសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ សពឯកឧត្តម ឃួន ផល្លារិទ្ធ សូមបានសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរកុំបីឃ្លៀងឃ្លាតឡើយ៕