អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ញ៉ែម សុខ័ន្ធី ផ្ញើសារគោរពជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួប៤៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍

(ភ្នំពេញ)៖ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ញ៉ែម សុខ័ន្ធី នាយកទីចាត់ការសុខាភិបាល អគ្គបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប៤៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។

នៅក្នុងឱកាសដ៏សិរីមង្គលាភិរម្យប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមគោរពអនុញ្ញាតសម្តែងនូវអំណរសាទរ យ៉ាងស្មោះអស់ពីដួងចិត្ត ប្រកបដោយមនោសញ្ចេតនា រំភើបរីករាយក្រៃលែង និងសូមបួងសួងដល់ទេវតា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រសិទ្ធពរជ័យដល់ចំណងអាពាហ៍ពិពាហ៍ ដែលបានកើតឡើងក្នុងគ្រាដ៏សែនកម្សត់នោះ ឱ្យកាន់តែផ្អែមល្ហែម ត្រជាក់ត្រជំដូចទឹកអម្រឹត និងសូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបន្តចូលរួមដឹកនាំប្រទេស ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ មានភាពរីកចម្រើនរុងរឿង ក្រោមដំបូលមហាសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តរៀងទៅ។

ជាថ្មីម្តងទៀត ឆ្លៀតក្នុងឱកាសដ៏មង្គលាភិរម្យនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ ថែរក្សា អភិបាលប្រោះព្រំជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងបុត្រា បុត្រី បុត្រប្រសារ ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕