អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ថ្ងៃ៧ មករា ជាប្រភពកំណើតនៃសន្ដិភាព និងភាពរីកចម្រើនរបស់កម្ពុជា

(ព្រៃវែង)៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពារាំង នៅព្រឹកថ្ងៃទី៧ មករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ដែលប្រារព្ធធ្វើឡើងនៅបរិវេណវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ពារាំង ខេត្តព្រៃវែង។

ក្នុងសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់នូវខ្លឹមសារថ្ងៃជ័យជម្នះ ៧ មករា ដែលជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ហើយជាសច្ចភាពប្រវត្តិសាស្ត្រ និងជាមេរៀនដែលត្រូវចងចាំ។ ដោយសារជ័យជម្នះ ៧មករា នេះហើយទើបធ្វើឱ្យពលរដ្ឋមានសិទ្ធិរស់រានជាថ្មី ផ្ដល់កំណើតដល់សន្ដិភាព និងការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ។

សុន្ទរកថា បានគូសរំលេចពីការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែនដែលបានសម្រេចចាកចេញទៅប្រទេសវៀតណាម យកជីវិតធ្វើជាដើមទុនស្វែងរកការជួយឧបត្ថម្ភ ក្នុងការតស៊ូរំដោះប្រទេសជាតិពីរបបវាលពិឃាដ ដោយឆ្លងកាត់ឧបសគ្គយ៉ាងច្រើន និងទទួលបានជំនួយពីប្រទេសវៀតណាម កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។

សុន្ទរកថាក៏បានគូសបញ្ជាក់ពីរការរួបរួមកម្លាំងពីគ្រប់ទិសទី បង្កើតបានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃ ២ធ្នូ ឆ្នាំ១៩៧៨ បានបំផុស ប្រមូលផ្តុំ និងចាត់តាំងចលនាប្រជាជនធ្វើការប្រយុទ្ធដើម្បីផ្តួលរំលំរបប ប៉ុល ពត ទទួលបានជ័យជម្នះនាថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ សង្គ្រោះអាយុជីវិតប្រជាជនរាប់លាននាក់ពីមាត់ជ្រោះមរណៈបានទាន់ពេលវេលា ដែលប្រជាជនកម្ពុជាបានប្រសិទ្ធនាមថា «ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទីពីររបស់ខ្លួន»។

សុន្ទរកថាបានបន្តថា ពិតមែនរយៈពេល ៤៦ឆ្នាំ បានកន្លងផុតទៅ បន្ទាប់ពីការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុន្តែស្មារតីជ័យជម្នះ ៧មករា នៅតែមានពន្លឺចែងចាំងជានិច្ចក្នុងដួងចិត្តប្រជាជនកម្ពុជា និងកំពុងបន្តបំភ្លឺផ្លូវ ដើម្បីកសាងអនាគតកម្ពុជាដ៏រុងរឿង។ ស្មារតី ៧មករា បានឆ្លុះបញ្ចាំងអំពីកម្លាំងមហាសាមគ្គីរបស់ជាតិ អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតឥតរាថយចំពោះឧបសគ្គគ្រប់យ៉ាង ដើម្បីភាពគង់វង្សស្ថិតស្ថេរ និងរីកចម្រើនរបស់ជាតិមាតុភូមិ។

នៅចុងបញ្ចប់នៃសុន្ទរកថា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ មន្ត្រី សមាជិក សមាជិកាគ្រប់រូប ជនរួមជាតិ បណ្តាគណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានទាំងអស់ ពង្រឹងធ្លុងមហាសាមគ្គីជាតិ បន្តការពារសន្តិភាព និងចូលរួមឲ្យសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានសមិទ្ធផលធំៗថ្មីៗច្រើនថែមទៀត ក្នុងឆ្នាំ២០២៥៕