អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសាររំលែកទុក្ខជូនក្រុមគ្រួសារនៃសពលោក ពៅ នេពីន និងលោក អឿន ចាន់ដារ៉ា ដែលបានពលីក្នុងប្រតិបត្តិការដោះមីន នៅខេត្តឧត្តរមានជ័យ

(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងមានការសោកស្តាយក្រៃលែងបំផុត ជាមួយក្រុមគ្រួសារសព លោក ពៅ នេពីន និងលោក អឿន ចាន់ដារ៉ា ជាបុគ្គលិកបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបានទទួលមរណភាព នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់មីន អំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ។ 

ក្នុងសារលិខិតរំលែកទុក្ខនេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ឱ្យដឹងទៀតថាក្នុងវេលាដ៏សែនសោកសង្វេគនេះ ខ្ញុំនិងថ្នាក់ដឹកនាំព្រមទាំងនាយទាហាន នាយទាហាន និងពលទាហានទាំងអស់ សូមចូលរួមរំលែកទុក្ខ និងការស្តាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់នូវកូន បងប្អូន ជាទីស្រលាញ់បំផុត ដែលប្រកបដោយសង្គហធម៌ ជាពិសេសគឺការបាត់បង់នូវអ្នកឯកទេសបោសសំអាតមីនពីររូបដ៏អង់អាចក្លាហាន ដែលតែងតែធ្វើពលិកម្មគ្រប់បែបយ៉ាងដោយឆន្ទៈមនសិការដ៏មោះមុតប្រកបដោយសេចក្តីទទួលខុសត្រូវក្នុងបុព្វហេតុសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជា តាមរយៈការរុករក និងកម្ចាត់ចោលនូវគ្រាប់មីន និងកាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម ដែលនៅសេសសល់ចេញពីព្រះរាជាណាចក្រកម្ពុជា។

ក្នុងវេលាដ៏ក្រៀមក្រំនេះ ខ្ញុំនិងថ្នាក់ដឹកនាំព្រមទាំងនាយទាហាន នាយទាហាន និងពលទាហានទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន បានឆាប់ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕