(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពឥណ្ឌូ–ប៉ាស៊ីហ្វិក (CHODs) នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១០ព្រឹក (ម៉ោងនៅកម្ពុជា) តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ នាយឧត្តមនាវី Samuel J. Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូ–ប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក ដើម្បីពិភាក្សាស្វែងយល់អំពីទស្សនវិស័យតំបន់ទាក់ទងការងារសន្តិសុខ, ការស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការ និងការកំណត់ប្រធានបទសម្រាប់កិច្ចប្រជុំ CHODs ឆ្នាំ២០២៥។
ក្នុងបទអន្តរាគមន៍ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីបញ្ហាប្រឈមផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម ចោរសមុទ្រ ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ដែលទាមទារឱ្យមានការពង្រឹងកិច្ចសហការរវាងវិស័យយោធា និងស៊ីវិល តាមរយៈការចែករំលែកធនធាន ការផ្លាស់ប្តូរជំនាញ និងការធ្វើផែនការយុទ្ធសាស្ត្រ។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងនូវការគាំទ្រដល់ការពង្រឹងកិច្ចសហប្រតិបត្តិការយោធាក្នុងតំបន់ និងរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមដោយសន្តិវិធី ដើម្បីឱ្យតំបន់ឥណ្ឌូ–ប៉ាស៊ីហ្វិកមានសន្តិភាព ស្ថិរភាព និងវិបុលភាព។ សម្រាប់កម្ពុជា ត្រៀមខ្លួនសម្រាប់ជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយដែលកើតឡើង៕