អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម វង្ស ពិសេន៖ «សម្ដេចតេជោ ជាអ្នកជួយយើងឲ្យរស់រានមានជីវិត, ជាអ្នករកសុខសន្តិភាព, ជាអ្នកអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើន, ជាអ្នកធ្វើឲ្យជាតិមានកិត្តិយសលើឆាកអន្តរជាតិ»

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ពិសេន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិកាបក្ស នៅក្នុងឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តមបានអរគុណដល់សមាជិក សមាជិកា របស់បក្សទាំងអស់ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះលើសលុបនាឆ្នាំ២០២២។

ឯកឧត្តមក៏បានលើកឡើងពីវីរភាពនិងការលះបង់អាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបុព្វហេតុរំដោះជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងបន្តស្វែងរកសន្តិភាពជូនប្រទេសជាតិតាមរយៈនយោបាយឈ្នះឈ្នះ។
សម្តេចតេជោ បាននាំយើងឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺរាតត្បាតកូវីដ-១៩ ហើយសម្តេចបានដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍ និងរីកចម្រើនរហូតដល់សព្វថ្ងៃ ជាពិសេស សម្តេចបានលើកមុខមាត់ប្រទេសកម្ពុជាឱ្យពិភពលោកបានកោតសរសើរ និងស្ងប់ស្ងែង តាមរយៈភាពជោគជ័យដ៏ត្រចះត្រចង់នៃការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងប៉ាអាហ្គេមលើកទី១២។

ចំពោះគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលត្រូវបានគ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញបដិសេធមិនចុះបញ្ជីឈ្មោះចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ មិនមែនជាកំហុសរបស់គណបក្សប្រជាជនទេ គឺជាកំហុសផ្នែករដ្ឋបាលរបស់គណបក្សរបស់ខ្លួនឯងពិតប្រាកដ។ ដូច្នេះពួកគេត្រូវទទួលកំហុសចំពោះគណបក្សដោយខ្លួនឯង ហើយមិនត្រូវទំលាក់កំហុសមកលើគណបក្សប្រជាជនកម្ពុជាទេ។

ជាទីបញ្ចប់ ឯកឧត្តម បានអំពាវនាវឱ្យសមាជិក សមាជិការបស់គណបក្សប្រជាជនទាំងអស់ ក៏ដូចជាគណបក្សដទៃ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់គ្នា និងសូមឱ្យគណបក្សប្រជាជនមានការរាប់អានគណបក្សដទៃដូចប្រជាជនទាំងមូល។ មានតែគណបក្សប្រជាជនទេ ដែលអាចការពារបាននូវសន្តិភាព មានសន្តិភាពក៏ដោយសារគណបក្សប្រជាជន មានគណបក្សប្រជាជនទើបមានសន្តិភាព៕