អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៧ យាងចូល៨៨ព្រះវស្សា

(ភ្នំពេញ)៖ ទូលព្រះបង្គំជាខ្ញុំ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល សម្រាប់ឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៧ យាងចូល ៨៩ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកត្តញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្ដេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ដែលកន្លងមកទ្រង់បានលះបង់ព្រះរាជកាយពល និងព្រះរាជបញ្ញាញាណ ចំពោះព្រះរាជកិច្ចដ៏មហាប្រពៃថ្លៃថ្លារបស់ទ្រង់ ដែលតែងតែយកព្រះរាជហឫទ័យទុកដាក់ អំពីសុខុមាលភាពរបស់ប្រជារាស្ត្រ ព្រមទាំងបានបំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ប្រកបដោយគុណធម៌ ក្នុងវិស័យមនុស្សធម៌ សង្គមកិច្ច វប្បធម៌ អប់រំ និងសាសនា ដើម្បីភាពសុខក្សេមក្សាន្តរបស់ប្រជារាស្ត្រខ្មែរគ្រប់រូប។ ព្រះអង្គតែងបានប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គ ក្នុងបុព្វហេតុមនុស្សធម៌ដោយព្រះអង្គទ្រង់ បានជួយដោះស្រាយទុក្ខលំបាកដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ជនចាស់ជរាគ្មានទីពឹង ក្មេងកំព្រា និងជនពិការ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព ជូនប្រជារាស្ត្រទូទៅ។

ក្នុងវរោកាសដ៏មហាសិរីមង្គលប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យឧទ្ទិសបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ព្រមទាំងដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំថោះ ព្រះនាម កិមិរាទេវី សូមព្រះអង្គតាមជួយថែរក្សា ការពារ និងប្រោះព្រំ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ព្រមទាំង ព្រះរាជវង្សានុវង្ស សូមទ្រង់បានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕