អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ទូលបង្គំជាខ្ញុំ វង្ស ពិសេន ថ្វាយព្រះពរ ព្រះមហាក្សត្រកម្ពុជា ដែលទទួលបានព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុតខាងព្រះពុទ្ធសាសនាជា «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក»

 

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៤ ខែមិថុនានេះ បានថ្វាយសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានទទួលព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុតខាងព្រះពុទ្ធសាសនាជា «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក»។

ក្នុងឱកាសដ៏មហានក្ខត្តឬក្សដ៏វិសេសវិសាលថ្លៃថ្លាបំផុត ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលបានព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុតខាងព្រះពុទ្ធសាសនា ជា “ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក” ទូលព្រះបង្គំជាខ្ញុំ សូមសម្តែងនូវអំណរសាទរប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយ ស្វាមីភ័ក្ត និងកតញ្ញូកតវេទិតាធម៌ ដ៏ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

បពិត្រព្រះសម្មតិទេព ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជសក្ខីកម្មជាវិជ្ជមានដ៏មហានក្ខត្តឫក្ស ជាអតិបរមានេះ គឺជាព្រះរាជសមិទ្ធផលដ៏វិសេសវិសាលថ្មីមួយទៀត បន្ទាប់ពីព្រះរាជបូជនិយកិច្ចដ៏ច្រើនឥតគណនាដែលព្រះករុណាជាអម្ចាស់ជីវិត ជាព្រះរាជពុទ្ធមាមកា និងជាព្រះរាជូបត្ថម្ភដ៏អស្ចារ្យ ចំពោះព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ពិសេសទ្រង់បាននឹងកំពុងលើកតម្កើងកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា ល្បីរន្ទឺសុះសាយទូទាំងថ្នាក់តំបន់ និងអន្តរជាតិ ព្រមទាំងបាននាំមកនូវសេចក្តីសុខក្សេមក្សាន្ត ចម្រុងចម្រើន រុងរឿង និងល្បីល្បាញជូនដល់ប្រជាជាតិខ្មែរទាំងមូលជាលំដាប់។

ជាថ្មីម្តងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិលើលោក ឬទ្ធីបារមីទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និងព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ និង ព្រះមហាក្សត្រីយានី ជាពិសេសព្រះបារមីនៃព្រះបរមរតនកោដ្ឋ សូមតាមជួយបីបាច់ប្រោះព្រំប្រទានព្រះពរ ជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់បានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនាដល់ប្រជារាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តរ៍រៀងទៅ៕