(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យឯកឧត្តម អុអីណូ អេសូស៊ី ឯកអគ្គរាជទូតជប៉ុន និងសេនានុព័ន្ធជប៉ុនប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងថ្លែងអំណរគុណ ។
ឯកឧត្តម អុអីណូ អេសូស៊ី បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានអនុញ្ញាតឲ្យនាវារបស់ប្រទេសជប៉ុនចូលចតនៅមូលដ្ឋានរាម បន្ទាប់ពីមូលដ្ឋាននេះត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជំហានទី១ កាលពីថ្ងៃទី៥ មេសា កន្លងមកនេះ។
តាមប្រសាសន៍ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានផ្សព្វផ្សាយ ភាគីជប៉ុនសូមគាំទ្រ និងសូមឲ្យបណ្ដាប្រទេសដទៃទៀត មកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដូចនាវាជប៉ុននេះផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន សង្ឃឹមថា ពីពេលនេះតទៅថ្ងៃមុខនឹងមាននាវាជាបន្តបន្ទាប់ចូលចតនៅមូលដ្ឋានរាម និងសូមឲ្យការចូលចត ក៏ដូចជាការវិលត្រឡប់ទៅវិញប្រកបដោយសុវត្ថិភាព៕