អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតថ្លែងអំណរគុណ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ សម្រាប់ការសហការជាមួយកងយោធពលខេមរភូមិន្ទ ការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យចូលឆ្នាំថ្មី និងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្ដម ប្រធានាធិបតី សុី ជីនពីង

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ បានចេញសារលិខិតថ្លែងអំណរគុណចំពោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់ការសហការជាមួយកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញភារកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ទាំងថ្ងៃទាំងយប់មិនខ្លាចនឿយហត់ ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈដល់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក៏ដូចជាភ្ញៀវបរទេស ក្នុងពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បានលេងកម្សាន្តប្រកបដោយភាពរីករាយ ថែរក្សាបាននូវប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ។

ទន្ទឹមនឹងនេះផងដែរ ឯកឧត្ដម វង្ស ពិសេន បានថ្លែងអំណរគុណចំពោះកងកម្លាំងគ្រប់ផ្នែកទាំងអស់ ដែលបានចូលរួមសហការការពារសន្តិសុខ សុវត្ថិភាពជូន ឯកឧត្តម XI JINPING ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ខែមេសា ឆ្នាំ២០២៥ ប្រកបដោយសុខសុវត្ថិភាពនិងទទួលបានជោគជ័យគួរជាទីមោទនៈ។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ សូមជូនពរឯកឧត្តម អគ្គស្នងការ និងថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ក៏ដូចជាកងកម្លាំងនគរបាលជាតិទាំងអស់ សូមមានសុខភាពល្អ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕