អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

កងទ័ពកម្ពុជា និងកងទ័ពចិន ហ្វឹកហាត់រួមគ្នាលើជំនាញជាច្រើន ក្នុងឱកាសសមយុទ្ធនាគមាសឆ្នាំ២០២៥

(កំពង់ឆ្នាំង)៖ រយៈពេល៣ថ្ងៃមកហើយ កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន បានធ្វើការហ្វឹកហាត់រួមគ្នា លើជំនាញជាច្រើន ក្នុងឱកាស«សមយុទ្ធនាគមាស-ឆ្នាំ២០២៥» នៅលើទឹកដីស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយកម្លាំងកងទ័ព នៃប្រទេសទាំងពីរជាច្រើនរយនាក់បានចូលរួម។

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ កងទ័ពទាំងពីរកំពុងធ្វើការហ្វឹកហាត់លើជំនាញជាច្រើនទាក់ទងនឹងការប្រឆាំងភេរវកម្ម និងការសង្គ្រោះ មានដូចជា៖ បាញ់គ្រាប់ពិតអាវុធធុនស្រាល ជំនាញរថពាសដែក ជំនាញរ៉ាដា លំហាត់បរិក្ខារគ្មានមនុស្សបើក ហាត់បញ្ជូនព័ត៌មាន វាយឆ្មក់ និងជំនាញសុខាភិបាលជាដើម។

សមយុទ្ធនាគមាស ឆ្នាំ២០២៥ កំពុងប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ នេះជាសមយុទ្ធនាគមាសលើកទី៧ រវាងកងទ័ពប្រទេសទាំងពីរ ដែលបានធ្វើឡើងចាប់តាំងពីឆ្នាំ២០១៦មក៕