អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ គឺជាកំណែទម្រង់ចាំបាច់មិនអាចមើលរំលង

 

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គនិស្សិតនាយទាហានសកម្មជំនាន់ទី២៣ ដែលប្រារព្ធធ្វើឡើងនៅសាលានាយទាហានសកម្ម ស្ថិតក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដ៏ត្រចះត្រចង់របស់និស្សិតនាយទាហានសកម្មជំនាន់ទី២៣ ដែលបានខិតខំសិក្សារៀនសូត្រ ហាត់ពត់លត់ដំ តស៊ូជម្នះរាល់ការលំបាកក្នុងរយៈពេល៤ឆ្នាំ និងទទួលបានជោគជ័យគួរជាទីមោទនៈ។ 

នាយឧត្តមសេនីយ៍ បានលើកឡើងពីចក្ខុវិស័យការកសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើន ដោយផ្អែកលើចំណេះដឹង ចំណេះធ្វើជាមូលដ្ឋាន ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់ប្រកបដោយឆន្ទៈមោះមុត ក្នុងការលើកកម្ពស់វិស័យអប់រំ ជំរុញឲ្យការកសាងធនធានមនុស្សប្រកបដោយគុណភាព។

«ការអប់រំល្អ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់បុគ្គល គ្រួសារ និងសង្គមជាតិទាំងមូល…។ ការអប់រំល្អ នឹងនាំដល់ការផ្គត់ផ្គង់ធនធានមនុស្ស កម្លាំងពលកម្មដែលមានចំណេះដឹង ជំនាញវិជ្ជាជីវៈ ឆ្លើយតបកាន់តែមានប្រសិទ្ធភាពទៅនឹងទីផ្សារការងារ និងតម្រូវការអភិវឌ្ឍសង្គមជាតិ»។ នេះជាការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ។

សម្រាប់វិស័យការពារជាតិ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានចាត់ទុកការហ្វឹកហ្វឺន បណ្តុះបណ្តាលធនធនមនុស្សក្នុងកងយោធពលខេមរភូមិន្ទ គឺជាកំណែទម្រង់ចាំបាច់មិនអាចមើលរំលង ដែលត្រូវយកចិត្តទុកដាក់កែសម្រួលប្រព័ន្ធហ្វឹកហ្វឺន សំដៅបង្កើនប្រសិទ្ធភាពការបណ្តុះបណ្តាលយោធិនឱ្យប្រកបដោយគុណភាព ក្នុងនោះបន្តលើកកម្ពស់ហ្វឹកហ្វឺននៅតាមបណ្តាសាលា កងឯកភាព និងពង្រឹងសមត្ថភាពយោធាចារ្យផងដែរ៕