(ព្រះសីហនុ)៖ រយៈពេល២ថ្ងៃមកនេះ កម្លាំងទីបញ្ជាការជួរមុខ និងកម្លាំងការពារកោះឆ្នេរ របស់បញ្ជាការដ្ឋានកងទ័ពជើងទឹក បានធ្វើការហ្វឹកហ្វឺន ជាប្រចាំ ដើម្បីត្រៀមលក្ខណៈចូលរួមសមយុទ្ធកងទ័ពជើងទឹកនាគមាស ឆ្នាំ២០២៥ ជាមួយកងទ័ពជើងទឹករំដោះប្រជាជនចិន។
សកម្មភាពហ្វឹកហាត់ទាំងនោះរួមមាន ការបង្ក្រាបបទបល្មើសលើសាឡង់ ការសង្រោះមនុស្សធម៌ ការហ្វឹកហាត់កងប្រតិបត្តិរុករកនិងសង្រ្គោះបឋម ការបង្រាបភេរវកម្ម និងរំដោះចំណាប់ខ្មាំងលើផ្ទៃសមុទ្រ ជាដើម។
តាមសេចក្តីជូនដំណឹងរបស់មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកកម្ពុជា និងកងទ័ពចិន នឹងសហការធ្វើសមយុទ្ធកងទ័ពជើងទឹក “នាគមាស ឆ្នាំ២០២៥” ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» នៅលើដែនទឹកអធិបតេយ្យភាពរបស់កម្ពុជា ស្ថិតនៅចន្លោះកោះរុង និងកោះតាង ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
ចំពោះផែនការធ្វើសមយុទ្ធលើផ្ទៃសមុទ្រមានចំនួន ២ថ្ងៃ៖ គឺអនុវត្តសាកល្បងចំនួន ១ថ្ងៃ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ និងអនុវត្តជាក់ស្តែងចំនួន ១ថ្ងៃ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥៕