(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគោរមងារជា “សម្ដេចឥស្សរវិទេសបញ្ញា”។
ក្នុងសារលិខិតអបអរសាទររបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា៖ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងយោធពលខេមរភូមិន្ទ មានសេចក្តីសោមនស្សរីករាយជាអនេក និងសូមអនុញ្ញាតសម្តែងនូវអំណរសាទរ យ៉ាងស្មោះ អស់ពីដួងចិត្ត ចំពោះឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគោរមងារជា “សម្ដេចឥស្សរវិទេសបញ្ញា”។
ការទទួលបានគោរមងារនេះ ជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតស័ក្តិសមនឹងសមត្ថភាព បទពិសោធ និងស្នាដៃធំៗ ដែលសម្រេចបានពីបញ្ញាញាណដ៏ឈ្លាសវៃ ប្រកបដោយគំរូវីរភាពដ៏ថ្លៃថ្លា របស់សម្ដេច ដែលជាវីរកុលបុត្រខ្មែរស្នេហាជាតិមួយរូប និងជាមគ្គុទ្ទេសក៍ដ៏ឈ្លាសវៃ ដែលបានធ្វើពលិកម្មដ៏ធំធេង ក្នុងបុព្វហេតុរំដោះជាតិ ការពារ កសាង អភិវឌ្ឍជាតិ ពង្រឹងនីតិរដ្ឋ នាំមកនូវសុខសន្តិភាព និងភាពសម្បូររុងរឿងជូនជាតិ មាតុភូមិនៃយើង។ សម្តេច ជាឥស្សរជនជាន់ខ្ពស់និងជាប្រមុខការទូតដ៏ឆ្នើម បានចូលរួមលើកកម្ពស់វិស័យការទូតនៃព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្ដាប្រទេសជាមិត្ត និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិល្អ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដីក្រោមកិច្ចដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៏ដឹកនាំដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសដ៏ប្រពៃនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនសម្ដេចឥស្សរវិទេសបញ្ញា ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រី សូមប្រកប ដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕