(ភ្នំពេញ)៖ ក្រុមហ៊ុន ទុំ ឡៅហេង (Tum Lavheng Co,Ltd ) តាមរយៈលោក ទុំ ឡៅហេង ប្រធានក្រុមហ៊ុន បានផ្ដល់ជូននូវថ្នាំបាញ់មូសចំនួន១០០កេស ស្មើនឹង២៤០០ដប ដល់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីចូលរួមចំណែកឧបត្ថម្ភដល់កងទ័ពជួរមុខដែលកំពុងបំពេញកាតព្វកិច្ចការពារជាតិ។
ពិធីប្រគល់ និងទទួលថ្នាំបាញ់មូសនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោក ទុំ ឡៅហេង ប្រធានក្រុមហ៊ុន។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន បានមានប្រសាសន៍ថា «ការផ្ដល់ថ្នាំបាញ់មូសនៅពេលនេះ គឺបានចូលរួមចំណែកក្នុងការជួយថែទាំសុខភាពកងទ័ពរបស់យើង។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ទុំ ឡៅហេង ដែលបានជួយដល់អង្គភាពកងទ័ពជួរមុខ ដោយមិនចំណាយថវិកា និងពេលវេលាដើម្បីព្យាបាលជំងឺផ្សេងៗ ដែលចម្លងពីមូស ហើយថ្នាំទាំងនេះ ឯកឧត្តម អគ្គមេបញ្ជាការបញ្ជាឲ្យយកទៅចែកជូនជាបន្ទាន់ដល់បណ្ដាកងឯកភាពជួរមុខ។
ក្នុងឱកាសនោះ លោក ទុំ ឡៅហេង បានសម្តែងងនូវមនោសញ្ចេតនាសប្បាយរីករាយ និងពេញចិត្ត ដែលបានបំពេញតួនាទីជាប្រជាពលរដ្ឋ នៅក្នុងការចូលរួមចំណែកជួយដល់កិច្ចការសង្គម ក៏ដូចជាកិច្ចការការពារជាតិ និងសូមបួងសួងដល់ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕