អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ដឹកនាំគណៈប្រតិភូទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋានទៅបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម

(វៀតណាម)៖ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្ដមសេនីយ៍ត្រី ជិន ង៉ុក មិញ មេបញ្ជាការរងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនៃកិច្ចជំនួបនេះ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានថ្លែងនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជូនចំពោះ ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង  និងពលទាហានទាំងអស់ចំណុះយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមផងដែរ។

ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ក៏បានយកឱកាសនេះ ថ្លែងកោតសរសើរចំពោះទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម តាំងពីអតីតកាលរហូតបច្ចុប្បន្ននេះ។ ក្នុងទំនាក់ទំនងដ៏មានអត្ថន័យនេះ កម្ពុជា-វៀតណាម គឺជាមិត្តដ៏ល្អ ជាដៃគូរល្អ តែងតែជួយគ្នាទៅវិញទៅមក ទាំងសម្ភារៈ បទពិសោធន៍ និងការបណ្តុះបណ្តាលជំនាញជាដើម។ ល។ 

ការរក្សាការជួយគ្នាជាប្រពៃណីនេះហើយ ដែលបង្កើតឱ្យមានដំណើរទស្សនកិច្ចការងារទៅវិញទៅមក ជាក់ស្ដែងក្នុងកិច្ចពិភាក្សានេះ ឧត្ដមសេនីយ៍ត្រី ជិន ង៉ុក មិញ និងសហការីបានចែករំលែកនូវបទពិសោធន៍ជាច្រើនពាក់ព័ន្ធការងារភស្តុភារ ការងារចិញ្ចឹមទ័ព ការងារបង្កបង្កើនផល ការងារចិញ្ចឹមសត្វកសិកម្មបែបទំនើប និងសិប្បកម្មកែច្នៃសាច់កំប៉ុងជាដើម។ “ ការបញ្ជាក់របស់ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន”

ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចែករំលែកបទពិសោធន៍ល្អៗទាំងនេះ និងសំនូមពរដល់ឯកឧត្ដម មេបញ្ជាការ យោធភូមិភាគទី៧ ជួយកសាងហេដ្ឋារចនាសម្ព័ន្ធ និងជួយបណ្តុះបណ្តាលជំនាញ, ផ្តល់បទពិសោធន៍ ឯកសារភស្តុភារ ថ្នាក់បឋម និងថ្នាក់មធ្យម ដើម្បីជាមូលដ្ឋានក្នុងការកសាងសាលាភស្តុភារ និងដឹកជញ្ជូនឡើងវិញ ស្របតាមផែនការកំណែទម្រង់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ។ 

ពាក់ព័ន្ធនឹងសំនូមពរនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ជិន ង៉ុក មិញ បានឆ្លើយតបថា នឹងជួយដល់ការកសាងសាលានេះ តាមអ្វីដែលអាចធ្វើទៅបាន៕