អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

អូស្ត្រាលី អះអាងពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៥ មិថុនា ឆ្នាំ២០២៥ ឯកឧត្តម Bernard Philip ជំនួយការលេខាទី១ផ្នែកគោលនយោបាយអន្តរជាតិអូស្ត្រាលី បានអះអាងពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងការស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់ ឯកឧត្តម Bernard Philip នៅកម្ពុជានាឱកាសនេះ និងបានវាយតម្លៃថា ទស្សនៈកិច្ចនេះនឹងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធថែមទៀតដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា- អូស្ត្រាលី ដែលមានស្រាប់។

ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានបញ្ជូនកងកម្លាំងមកចូលរួមយ៉ាងសកម្មក្នុងដំណើរការបង្រួបបង្រួមជាតិ កសាងនិងរក្សាសន្តិភាពនៅកម្ពុជា នាអំឡុងដើមទសវត្សន៍៩០ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដែលហៅកាត់ថា”អ៊ុនតាក់”។

ឯកឧត្តម អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្ដល់ហិរញ្ញប្បទាន ក៏ដូចជាជំនួយឥតសំណងនានាក្នុងពេលកន្លងមក ដើម្បីជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា ឲ្យមានការរីកចម្រើន ដូចជា វិស័យកសិកម្ម សុខាភិបាល អប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម។

លើវិស័យការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការមានកម្រិតខ្ពស់ និងទំនាក់ទំនងល្អប្រសើរ ដូចជាការផ្តល់អាហាររូបករណ៍ជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ លើបណ្ដាមុខជំនាញមួយចំនួន មានវគ្គបញ្ជាការសេនាធិការជាដើម។

ឯកឧត្តម បានស្នើដល់ភាគីអូស្ត្រាលី បង្កើននូវសហប្រតិបត្តិការឲ្យប្រសើរថែមទៀត ទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្ដូរព័ត៌មានប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម ការងារមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព។

ឯកឧត្តម Bernard Philip បានថ្លែងអំណរគុណនិងគាំទ្រចំពោះមតិលើកឡើងរបស់ ឯកឧត្តមអគ្គមេបញ្ជាការ ស្តីអំពីទំនាក់ទំនងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរនាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម Bernard Philip បានចូលរួមរំលែកទុក្ខដល់យោធិនកម្ពុជាមួយរូបដែលបានពលីជីវិតនៅតំបន់ព្រំដែន កាលថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ និងបានអះអាងថា ប្រទេសអូស្ត្រាលីនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីផ្តល់ផលប្រយោជន៍ និងជួយគ្នាទៅវិញទៅមក៕