(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោក វរសេនីយ៍ទោ Mark Steffen Gottschalk នាយការិយាល័យអនុព័ន្ធយោធាអាល្លឺម៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។
នៅក្នុងជំនួបនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ចំពោះការចូលជួបសម្តែងការគួរសមរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាអាល្លឺម៉ង់ ដោយបានវាយតម្លៃថា ជំនួបពិភាក្សានាពេលនេះបង្កើនបាននូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅក្នុងកិច្ចខិតខំប្រឹងប្រែងជាមួយកម្ពុជាតាំងពីការបញ្ជូនកងកម្លាំងមកស្វែងរកសន្តិភាព ក្នុងអំឡុងឆ្នាំ១៩៩១ រហូតដល់ចប់សង្គ្រាម អាល្លឺម៉ង់បានចូលរួមចំណែកជួយកសាង អភិវឌ្ឍកម្ពុជាលើច្រើនវិស័យដល់ពេលបច្ចុប្បន្ននេះ។
ក្នុងឱកាសនោះ ឯកឧត្តម អគ្គមេបញ្ជាការ ក៏បានបញ្ជាក់ជូនពីសភាពការណ៍នៅតំបន់ព្រំដែនរវាងកម្ពុជា និង ថៃ ដើម្បីឱ្យអនុព័ន្ធយោធាក្ដាប់បានពីសភាពការណ៍ផងដែរ។
ក្នុងកិច្ចឆ្លើយតប ឯកឧត្តម Stefan Messerer មានគោលគំនិតចង់បន្តភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ លើវិស័យយោធាមួយចំនួនដែលអាចធ្វើសហប្រតិបត្តិការជាមួយគ្នាបាននាពេលខាងមុខ៕