(បន្ទាយមានជ័យ)៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូអគ្គបញ្ជាការដ្ឋាន ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង ២០:០៥នាទីក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគគាពាធ។
ពិធីគោរពវិញ្ញាណក្ខន្ធ បានប្រព្រឹត្តទៅនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី១៩ ខែកក្ដដា ២០២៥។
ក្នុងឱកាសនោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន ក្នុងនាមគណៈប្រតិភូអគ្គបញ្ជាការដ្ឋាន បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារនៃសព និងបានចាត់ទុកការបាត់បង់ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ភាព ជាការបាត់បង់ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ដែលប្រកបដោយព្រហ្មវិហារធម៌ ចំពោះក្រុមគ្រួសារ ជាពិសេសគឺជាការបាត់បង់នូវយោធិនមួយរូបក្នុងកងយោធពលខេមរភូមិន្ទ ដែលពោរពេញដោយឆន្ទៈ មនសិការក្នុងបុព្វហេតុការពារបូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន បានបួងសួងដល់គុណព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយទ្រទ្រង់ដួងវិញ្ញាណក្ខន្ធឯកឧត្តម នាយឧត្ដមសេនីយ៍ សុខ ភាព បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕