អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យនាយការិយាល័យអនុព័ន្ធយោធាសាធារណរដ្ឋកូរ៉េចប់អាណត្តិការងារ ចូលជួបជម្រាបលា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ប៉ាក ស៊ូម៉ាន នាយការិយាល័យអនុព័ន្ធយោធាសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ចប់អាណត្តិ ចូលជួបជម្រាបលា និងលោកវរសេនីយ៍ឯក ប៉ាក ហ៊ីយ៉ុង នាយការិយាល័យទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសមនិងបង្ហាញមុខ នៅអគ្គបញ្ជាការដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ រហូតដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ បន្ទាប់ពីប្រទេសទាំងពីរភ្ជាប់ចំណងការទូតផ្លូវការក្នុងឆ្នាំ១៩៩៧។

ឯកឧត្តម អគ្គមេបញ្ជាការ បានគូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ បានពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជានយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសុខាភិបាល ជាដើម។

ឯកឧត្តម អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរ ពិសេសចាប់តាំងពីភាគីទាំងពីរបានដាក់តាំងការិយាល័យអនុព័ន្ធយោធាទៅវិញទៅមកនៅឆ្នាំ២០១៥ និងឆ្នាំ២០១៧ មានភាពរីកចំរើន ផ្អែកតាមអនុស្សរណៈយោគយល់ (MOU) រវាងក្រសួងការពារជាតិប្រទេសទាំងពីរ។

ឯកឧត្តម អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់កងទ័ពកូរ៉េ ដែលបានផ្តល់ការគាំទ្រដល់កងយោធពលខេមរភូមិន្ទ តាមរយៈការទទួលយកសិក្ខាកាមយោធាកម្ពុជាទៅបណ្តុះបណ្តាលជាច្រើនវគ្គ រួមមានវគ្គសន្តិសុខជាតិ វគ្គបញ្ជាការសេនាធិការ វគ្គហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។

ឯកឧត្តមបានស្នើដល់កូរ៉េ ឲ្យបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ តាមរយៈការបណ្តុះបណ្តាល ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន កិច្ចសហប្រតិបត្តិការមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ កិច្ចសហប្រតិបត្តិការរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការប្រភេទទ័ពនិងប្រភេទទ័ព ការធ្វើលំហាត់សមយុទ្ធ និងការចូលចតនាវា។

ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក ប៉ាក ស៊ូម៉ាន បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គមេបញ្ជាការ ក៏ដូចជាថ្នាក់ដឹកនាំ ក្នុងកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់នូវកិច្ចសហការល្អ និងគាំទ្រក្នុងការបំពេញការងាររបស់លោករយៈពេល៣ឆ្នាំនៅកម្ពុជា។

លោកវរសេនីយ៍ឯក ប៉ាក ស៊ូម៉ាន បានបញ្ជាក់ថា តាមរយៈនាយការិយាល័យអនុព័ន្ធយោធាកូរ៉េថ្មី នឹងបន្តខិតខំអស់ពីសមត្ថភាព ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពកម្ពុជា ជាពិសេសសំណូមពរនានារបស់ឯកឧត្តម អគ្គមេបញ្ជាការដែលបានលើកឡើង៕