(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រះវិហារ នៅវេលាម៉ោង១៣:១០នាទីរសៀល ថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៦៧ឆ្នាំ។
ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងការសោកស្តាយស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ចំពោះមរណភាពរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលជាការបាត់បង់នូវស្វាមី លោកឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់ប្រកបដោយ ព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់មួយរូបក្នុងកងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង លះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយឆន្ទៈមនសិការដ៏មោះមុត និងបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជានកម្ពុជា។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកជួយទ្រទ្រង់ ដួងវិញ្ញាណក្ខន្ធឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕