(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ផ្ញើលិខិតរំលែកទុក្ខជូន លោកជំទាវ កាវ ស៊ីថា និងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលត្រូវជាស្វាមីរបស់ លោកជំទាវ បានទទួលមរណភាពនៅវេលាម៉ោង១៨:០០ល្ងាច ថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខដ៏ធំធេងនិងការសោកស្តាយស្រណោះអាឡោះអាល័យសង្វេគស្ទើររកទីបំផុតគ្មាន ចំពោះមរណភាពរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ដែលជាការ បាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្ម វិហារធម៌ ហើយក៏ជាការបាត់បង់នូវធន ធានមនុស្សមួយរូបក្នុងកងយោធពល ខេមរភូមិន្ទ ដែលបានធ្វើពលិកម្ម គ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈ មនសិការដ៏មោះមុត និងបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុជាតិ មាតុភូមិ។ ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ជាឥស្សរជនឆ្នើមមួយរូបដែលបានចូលរួមតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យ ពូជសាសន៍ និងបានចូលរួមក្នុងការអនុវត្តនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលនាំមកនូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីយ៉ាងពេញលេញ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមក៏បានចូលរួមយ៉ាងសកម្មក្នុងការការពារបូរណរភាពទឹកដី កំណែទម្រង់ និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ និងចូលរួមសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយផ្សេងៗ។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកជួយទ្រទ្រង់ ដួងវិញ្ញាណក្ខន្ធឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ បានចាប់បដិសន្ធិក្នុងសុគតិ ភពកុំបីឃ្លៀងឃ្លាតឡើយ៕