(ក្រចេះ)៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូអគ្គបញ្ជាការដ្ឋាន ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្ដមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ អនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគគាពាធ។
ពិធីគោរពវិញ្ញាណក្ខន្ធ បានប្រព្រឹត្តទៅនៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ២០២៥។
ក្នុងឱកាសនោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន ក្នុងនាមគណៈប្រតិភូអគ្គបញ្ជាការដ្ឋាន បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារនៃសព និងបានចាត់ទុកការបាត់បង់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ច័ន្ទ លំផាត់ ជាការបាត់បង់ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ដែលប្រកបដោយព្រហ្មវិហារធម៌ ចំពោះក្រុមគ្រួសារ ជាពិសេសគឺជាការបាត់បង់នូវយោធិនមួយរូបក្នុងកងយោធពលខេមរភូមិន្ទ ដែលពោរពេញដោយឆន្ទៈ មនសិការក្នុងបុព្វហេតុការពារបូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន បានបួងសួងដល់គុណព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយទ្រទ្រង់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ឧត្ដមសេនីយ៍ឯក ច័ន្ទ លំផាត់ បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕