អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយ គំរូវីរភាពដ៏អស្ចារ្យ ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្ន ដោយបានបង្កើតនូវស្នាដៃ និងសមិទ្ធផលជាតិគួរឱ្យកោតស្ញប់ស្ញែង តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាំឱ្យកិត្យានុភាពជាតិ កាន់តែត្រូវបានលើកតម្កើងល្បីសុះសាយ លើឆាកអន្តរជាតិ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈភាព ជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះ ពោលគឺ «ប្រជាធិបតេយ្យនៅកម្ពុជាបានឈ្នះហើយ” ដូចប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។

ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕