(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ នាយឧត្តមសេនីយ៍ ម៉ី មនដារី អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដោយរោគាពាធ ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ ក្នុងនាមថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ឯកឧត្តមបានចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះមរណភាព លោកជំទាវ នាយឧត្តមសេនីយ៍ ម៉ី មនដារី ដែលជាការបាត់បង់ភរិយា ម្ដាយ ជីដូន ជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់ឥស្សរជនមួយរូប ដែលបានតស៊ូយកអស់កម្លាំងកាយចិត្តបម្រើប្រទេសជាតិ ពិសេសក្នុងវិស័យការពារជាតិ។
ឯកឧត្តម អគ្គមេបញ្ជាការ និងថ្នាក់ដឹកនាំ បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ នាយឧត្តមសេនីយ៍ ម៉ី មនដារី សូមឆាប់បានចាប់កំណើតក្នុងឋានសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕
