(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសម្តែងការអបអរសាទរប្រទេសហ្វីលីពីនដែលបានទទួលតួនាទីជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៦ និងបានបង្ហាញជំនឿថា តាមរយៈដំណើរបំពេញទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពហ្វីលីពីននៅពេលនេះ ពិតជាបាននាំមកនូវការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការថែមទៀតរវាងកងទ័ពប្រទេសទាំងពីរ។
ឯកឧត្តមបានថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S. Brawner Jr អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន នាថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៦ នៅក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្តម បានកោតសរសើរចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ដែលបានចាត់បញ្ជូននាយទាហានហ្វីលីពីនមកចូលរួមក្នុងក្រុមសង្កេតការណ៍បណ្ដោះអាសន្នអាស៊ាន(IOT) ក៏ដូចជាក្រុមសង្កេតការណ៍អាស៊ាន (AOT) ក្នុងពេលប្រទេសម៉ាឡេស៊ីដឹកនាំការអនុវត្តបទឈប់បាញ់ ជាពិសេសឆន្ទៈមុតស្រួចរបស់នាយឧត្តមសេនីយ៍ ក្នុងការបន្តបេសកកម្មពីម៉ាឡេស៊ី ដើម្បីស្វែងរកដំណោះស្រាយជម្លោះនេះ ដែលកំពុងមានភាពផុយស្រួយ។
ឯកឧត្តម បានជំរាបជូនពីស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ទាំងអំឡុងក្រោយពេលឈប់បាញ់លើកទី១ និងលើកទី២ និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ តាមច្បាប់អន្តរជាតិ។
ឯកឧត្តម បានស្នើដល់អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បន្តជួយសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដើម្បីកាត់បន្ថយភាពតានតឹង និងកសាងទំនុកចិត្តគ្នាឡើងវិញ បន្តពង្រឹងតួនាទីក្រុមសង្កេតការណ៍អាស៊ានក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព តាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៥។
ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S. Brawner Jr បានថ្លែងអំណរគុណដល់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្ដល់បទបង្ហាញយ៉ាងលម្អិតពាក់ព័ន្ធស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យឯកឧត្តមបានយល់កាន់តែច្បាស់ពីស្ថានភាពពិតជាច្រើន។
ឯកឧត្តម បានគូសបញ្ជាក់ថា អ្នកដឹកនាំ (AOT) គឺមានតួនាទីសំខាន់ និងទទួលខុសត្រូវខ្ពស់ ដែលចាំបាច់ត្រូវធ្វើការពិនិត្យកែសម្រួលរចនាសម្ព័ន្ធមួយចំនួន ដើម្បីបង្ហាញដល់ភាគីទាំងពីរសុំការយល់ស្រប ហើយភាគីហ្វីលីពីននឹងចាប់ផ្ដើមធ្វើកិច្ចការនេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងធានាឲ្យបាននូវភាពអព្យាក្រឹត។
តាមគម្រោងនៃដំណើរទស្សនកិច្ចនេះ នៅថ្ងៃទី ១៣កុម្ភៈ ស្អែកនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S Brawner Jr នឹងអញ្ជើញចុះទៅត្រួតពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ព្រមទាំងស្ដាប់ការធ្វើបទបង្ហាញពីក្រុម ( AOT) ផងដែរ៕
