(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានក្រើនរម្លឹកដល់កងកម្លាំងពិសេសប្រឆាំងភេរវកម្ម ឲ្យបង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺនពង្រឹងសមត្ថភាព ដើម្បីការពារសន្តិភាព ស្ថិរភាព សន្តិសុខជាតិ និងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពអំពើភេរវកម្មតាមគ្រប់រូបភាព។
ការក្រើនរម្លឹករបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ធ្វើឡើងក្នុងពិធីប្រកាសតែងតាំងមុខតំណែងប្រធាននាយកដ្ឋានពិសេស មេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។
ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីអំពើភេរវកម្ម ថាជាយុទ្ធសាស្ត្របែបថ្មីមួយ បាននិងកំពុងគំរាមកំហែងដល់វិស័យសន្តិសុខជាច្រើន នៅក្នុងតំបន់ និងពិភពលោក ដែលតម្រូវឱ្យសហគមន៍អន្តរជាតិទាំងមូលត្រូវសហប្រតិបត្តិការរួមគ្នា ដើម្បីប្រយុទ្ធទប់ស្កាត់អំពើភេរវកម្មនេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានបញ្ជាក់ថា សម្រាប់កម្ពុជា បើទោះបីពុំមែនជាមុខសញ្ញានៃអំពើភេរវកម្ម ប៉ុន្តែត្រូវប្រុងប្រយ័ត្នជានិច្ច ដោយធ្វើការគ្រប់គ្រងកម្លាំង បង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ បណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាដៃគូអន្តរជាតិ ដើម្បីទប់ស្កាត់និងបង្រ្កាបភេរវកម្មឆ្លងដែន តាមរយៈការចែករំលែកព័ត៌មាន ការស្រាវជ្រាវ និងការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានកោតសរសើរបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដែលកន្លងមក ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបំពេញភារកិច្ច និងសម្រេចបានស្នាដៃធំៗជូនជាតិ និងប្រជាជន រួមចំណែកដល់កិច្ចការពារបូរណភាពទឹកដី ការពារសន្តិភាព សន្តិសុខ រក្សាស្ថិរភាពសង្គមជាតិ និងការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំបានល្អប្រសើរ។
ជាមួយស្នាដៃសម្រេចបាន ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់មេបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ត្រូវប្រមូលផ្តុំនូវធនធានមនុស្សប្រកបដោយសមត្ថភាពជំនាញ ចំណេះដឹង ចំណេះធ្វើ និងកិច្ចសហការល្អជាមួយស្ថាប័ននានា ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមចំពោះមុខ និងទៅអនាគត ធានាការពារបានសន្តិភាព ស្ថិរភាព និងសន្តិសុខជាតិ៕