អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម វង្ស ពិសេន អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តចំនួន ៩ ក្នុងខេត្តព្រៃវែង

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងក្រុមគ្រួសារ និងមន្ត្រីក្រោមឱវាទ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តចំនួន ៩ នៅខេត្តព្រៃវែង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ឲ្យមកទទួលផលបុណ្យទាំងនេះ។

ដោយសេចក្តីសទ្ធាជ្រះថ្លា ឯកឧត្តម នាយឧត្តមសេនីយ៍ និងក្រុមគ្រួសារ ព្រមទាំងមន្រ្តីក្រោមឱវាទ បានអញ្ជើញអុជទានធូប បូជាផ្កាភ្ញី ថ្វាយ និងបួងសួងរំលឹកដល់គុណបុណ្យព្រះរតនត្រៃ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងបានឧទ្ទិសមគ្គផលកុសលបុណ្យដល់ជីដូនជីតា ឪពុកម្តាយ បងប្អូន និងញាតិសន្តានទាំងឡាយ ដែលបានចែកឋាន សូមទទួលបានសេចក្តីសុខចម្រើន សិរីសួស្តី។

ក្នុងពិធីកាន់បិណ្ឌទី៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ និងក្រុមគ្រួសារ មន្ត្រីក្រោមឱវាទ បានប្រគេនទេយ្យវត្ថុ និងបច្ច័យសម្រាប់មួយវត្តៗ មាន៖ ស្លាដក់១ឈុត, អង្ករ១០០គីឡូក្រាម, ស្ករស១០គីឡូក្រាម, ត៥គីឡូក្រាម, ទឹកត្រី១០យួរ, មីម៉ាម៉ា១កេសធំ, ត្រីខកំប៉ុង១កេសធំ, ទឹកដោះគោ១កេសធំ, ទឹកក្រូច៥កេស, ទឹកបរិសុទ្ធ៥កេស, ប្រគេនបច្ច័យព្រះសង្ឃ ១៨ម៉ឺនរៀល, ប្រគេនបច្ច័យកសាងវត្ត ៥លានរៀល ដោយឡែកវត្តបឹងកក់ប្រគេនបច្ច័យ១៥លានរៀល សរុបបច្ច័យដែលបានប្រគេនទាំង៩វត្តមានចំនួន ៨៤,៧៩០,០០០រៀល ( ប៉ែតសិបបួនលានប្រាំពីរសែនប្រាំបួនម៉ឺនរៀល)៕