អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ការកសាងកម្លាំងកងទ័ពមានលក្ខណៈទំនើប ជាគោលការណ៍ដ៏ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបភារកិច្ចការពារជាតិ

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា ការកសាងកម្លាំងកងទ័ពមានលក្ខណៈទំនើប ទាន់សម័យ ជាគោលការណ៍ដ៏ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបតាមសំណូមពរភារកិច្ចប្រយុទ្ធការពារជាតិមាតុភូមិ ក្នុងដំណាក់កាលថ្មី។

ការថ្លែងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ធ្វើឡើងក្នុងពិធីបិទនិងបើកវគ្គហ្វឹកហ្វឺនជំនាញការពារអាកាស នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការដ្ឋាន។

ឯកឧត្តម បញ្ជាក់ថា ដើម្បីលើកម្ពស់សមត្ថភាព លទ្ធភាពក្នុងការប្រយុទ្ធនិងត្រៀមប្រយុទ្ធ គប្បីយកចិត្តទុកដាក់ដល់ការចាត់តាំងហ្វឹកហ្វឺន រៀនសូត្របំប៉ន សំដៅធ្វើម្ចាស់លើគ្រប់អាវុធយុទ្ធភណ្ឌ និងគ្រឿងបំពាក់ដែលមានក្នុងក្របខណ្ឌចាត់តាំង ដូចការប្រារព្ធពិធីបិទនិងបើកវគ្គជំនាញការពារអាកាសនាពេលនេះ។

ឯកឧត្តម បានផ្តាំផ្ញើដល់ស្ថាប័នជំនាញ បន្តការងារហ្វឹកហ្វឺននៅហ្នឹងកន្លែង ដើម្បីទទួលបានជំនាញពិតប្រាកដ និងចេះប្រើប្រាស់គ្រឿងបំពាក់ថ្មីៗ ក្នុងនោះបន្តសិក្សារៀបចំប្រព័ន្ធទីបញ្ជាការដើម្បីទទួលបទបញ្ជា ការអនុវត្តបទបញ្ជាឱ្យមានប្រសិទ្ធភាពក្នុងពេលត្រៀមប្រយុទ្ធនិងប្រយុទ្ធជាក់ស្តែង៕