អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

អគ្គមេបញ្ជាការកងទ័ពកម្ពុជា ទទួលជួបមេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន

(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈាវមីង (LI QIAOMING) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ 

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន និងគណៈប្រតិភូ ដោយបានវាយតម្លៃថា តាមរយៈទស្សនកិច្ចនេះពិតជានាំមកនូវការពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណី និងជាប្រវត្តិសាស្ត្ររវាងកងទ័ពប្រទេសទាំងពីរ ពិសេសការពិភាក្សារវាងថ្នាក់ដឹកនាំនៃកងទ័ពជើងគោកប្រទេសទាំងពីរ។ 

ឯកឧត្តម អគ្គមេបញ្ជាការ បានជម្រាបពីសភាពការណ៍មួយចំនួននៅកម្ពុជា ដែលបច្ចុប្បន្នមានសន្តិភាពពេញលេញ មានស្ថិរភាពល្អ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចស្នាដៃធំៗគួរឲ្យកត់សម្គាល់មានដូចជា ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនិងកីឡាអាស៊ានប៉ារ៉ាហ្គេម ការរៀបចំបោះឆ្នោត និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មីជាដើម។

លើកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ឯកឧត្តមអគ្គមេបញ្ជាការបានគូសបញ្ជាក់ថា កម្ពុជា-ចិន មានទំនាក់ទំនងជាប្រពៃណីតាំងពីយូរលង់មកហើយ ហើយក្នុងឆ្នាំ២០២៣នេះ រដ្ឋាភិបាលប្រទេសទាំងពីរបានប្រកាសថាជាឆ្នាំមិត្តភាព ដើម្បីអបអរខួបលើកទី៦៥ឆ្នាំ ថ្ងៃទំនាក់ទំនងការទូតកម្ពុជា-ចិន ដែលកំពុងមានការរីកចម្រើនឥតឈប់ឈរ រហូតឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌខ្សែក្រវ៉ាត់និងផ្លូវ។ 

ដោយឡែកលើវិស័យការពារជាតិ ប្រទេសចិនបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់កងយោធពលខេមរភូមិន្ទ ជាពិសេស ការបណ្ដុះបណ្ដាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅវិទ្យាស្ថានទ័ពជើងគោក ការធ្វើទំនើបកម្មជាច្រើនជំនាញ ការកសាងទីលានបាញ់គ្រាប់ពិតចម្រុះដ៏ទំនើបនៅភ្នំជុំផ្សាររីករាយ និងការធ្វើលំហាត់សមយុទ្ធរួមគ្នាជាបន្តបន្ទាប់ បានក្លាយជានិមិត្តរូបនៃទំនាក់ទំនងទ្វេភាគីកងទ័ពកម្ពុជា-ចិន។ 

ឯកឧត្តមអគ្គមេបញ្ជាការបានបញ្ជាក់ថា តាមរយៈសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈក្នុងស្មារតីជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងនាមជាបងប្អូន ហើយកម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយចិនតែមួយ និងប្រឆាំងដាច់ខាតការជ្រៀតជ្រែកផ្ទៃក្នុង ឬចលនាបំបែកទឹកដីណាមួយដែលប៉ះពាល់ដល់អធិបតេយ្យនិងបូរណភាពទឹកដីប្រទេសចិន។ 

ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈាវមីង បានសម្តែងការអរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់ថ្នាក់ដឹកនាំកងទ័ពកម្ពុជា ជាពិសេស ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ដែលបានឆ្លៀតពេលពីការងារមមាញឹកមកជួបជាមួយណាប្រតិភូនាពេលនេះ បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន។

ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកចិន បានជម្រាបជូនពីជំនួបជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លើការជំរុញនៃការបង្កើតមហាវិទ្យាល័យ សាកលវិទ្យាល័យ ការពង្រឹងផ្នែកបណ្តុះបណ្តាល និងការផ្លាស់ប្តូរបុគ្គលិកជាដើម។ ឯកឧត្តមសង្ឃឹមថា ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នឹងយកចិត្តទុកដាក់គាំទ្រដល់គម្រោងនៃសហប្រតិបត្តិការរវាងកងទ័ពជើងគោកប្រទេសទាំងពីរ៕