អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅការងារឆ្នាំ២០២៤។

ក្នុងឱកាសនោះ ឯកឧត្ដម នាយកទីចាត់ការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ ដែលថ្នាក់ដឹកនាំសាលាបើកបរ បណ្ដាការិយាល័យ កងឯកភាពចំណុះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃទីចាត់ការចលនូប្បត្ថម្ភ បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងការបំពេញតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួនប្រកបដោយស្មារតី ទទូលខុសត្រូវខ្ពស់ ហើយសម្រេចបានសមិទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ។

ខណៈថ្លែងលើកសរសើរដល់ការអនុវត្តតួនាទី ភារកិច្ចរបស់ជំនាញនីមួយៗចំណុះទីចាត់ការចលនូប្បត្ថម្ភ ឯកឧត្ដម ហួត ឈាងអន ក៏បានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនយោធិនពិការ និងសោធននិវត្តន៍ដែលបានលះបង់កម្លាំងកាយ-ចិត្ត និងអាយុជីវិត ដើម្បីជាតិ មាតុភូមិនៃយើង។ ជាមួយនោះ ឯកឧត្ដម នាយកទីចាត់ការ ក៏បានជូនជាថវិកាមួយចំនួន ដល់បងប្អូនយោធិនពិការ និងនិវត្តន៍ជន ព្រមទាំងសាលាបើកបរឈើកាច់ ការិយាល័យចំណុះ ដើម្បីចូលរួមអបអរសារទរឆ្នាំថ្មីឆ្នាំ២០២៤។ 

មានមតិផ្ដាំផ្ញើក្នុងពិធីនេះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានណែនាំឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំណុះទីចាត់ការចលនូប្បត្ថម្ភ គោរពវិន័យ បទបញ្ជា និងយកចិត្តទុកដាក់បំពេញការងារតាមជំនាញ ដើម្បីសម្រេចជោគជ័យជូនថ្នាក់ដឹកនាំអគ្គបញ្ជាការ និងចូលរួមការពារសុខសន្តិភាពជូនជាតិមាតុភូមិរបស់យើង៕