(កំពង់ស្ពឺ)៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម ព្រមទាំងនាយករង នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមសាលានាយទាហានសកម្មទាំងអស់ សូមផ្ញើសារលិខិត គោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ៤៨ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។
នៅក្នុងឱកាសដ៏សិរីមង្គលាភិរម្យប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមគោរពអនុញ្ញាតសម្តែងនូវអំណរសាទរ យ៉ាងស្មោះអស់ពីដួងចិត្ត ប្រកបដោយមនោសញ្ចេតនា រំភើបរីករាយក្រៃលែង និងសូមបួងសួងដល់ទេវតាសូមប្រសិទ្ធពរជ័យ ដល់ចំណងអាពាហ៍ពិពាហ៍ ដែលបានកើតឡើងក្នុងគ្រាដ៏សែនកម្សត់នោះ ឱ្យកាន់តែផ្អែមល្ហែម ត្រជាក់ត្រជំដូចទឹកអម្រឹត និងសូមប្រកបដោយសុខភាពល្អបរិបូណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបន្តចូលរួមដឹកនាំប្រទេស ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ មានភាពរីកចម្រើនរុងរឿង ក្រោមដំបូលមហាសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តរៀងទៅ។
ជាថ្មីម្ដងទៀត ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលនេះ យើងខ្ញុំ សូមលើកហត្ថបួងសួងដល់ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សា ប្រោះព្រំប្រទានសព្ទសាធុការវារជ័យ ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់របស់សម្តេច សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕