អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្ដមសេនីយ៍ឯក មាស វណ្ណា បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធាអគ្គបញ្ជាការ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅការងារឆ្នាំ២០២៤។

ក្នុងឱកាសនោះ ឯកឧត្ដម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃដែលថ្នាក់ដឹកនាំក្រុមក្រុមការងារ និងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការ បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងការបំពេញតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានសមិទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ។

ខណៈថ្លែងលើកសរសើរដល់ការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា ឯកឧត្ដម មាស វណ្ណា ក៏បានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនយោធិនពិការ និងសោធននិវត្តន៍ដែលបានលះបង់កម្លាំងកាយ-ចិត្ត និងអាយុជីវិត ដើម្បីជាតិ មាតុភូមិនៃយើង។

មានមតិផ្ដាំផ្ញើក្នុងពិធីនេះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក មាស វណ្ណា បានណែនាំឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការគោរពវិន័យ បទបញ្ជា និងយកចិត្តទុកដាក់បំពេញការងារតាមជំនាញ ដើម្បីសម្រេចជោគជ័យជូនថ្នាក់ដឹកនាំអគ្គបញ្ជាការ និងចូលរួមការពារសុខសន្តិភាពជូនជាតិមាតុភូមិរបស់យើង៕