អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនពរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងថ្ងៃចម្រើនជន្មាយុគ្រប់៦៤ឆ្នាំ ឈានចូល៦៥ឆ្នាំ

(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមសម្ដែងនូវមនោសញ្ចេតនាដោយក្ដីសោមនស្សរីករាយ និងសូមអបអរសាទរយ៉ាងកក់ក្តៅជាទីបំផុត ជូនចំពោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃថ្ងៃចម្រើនជន្មាយុគម្រប់៦៤ឆ្នាំ ឈានចូល៦៥ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។

នាឱកាសដ៏មង្គលថ្លៃថ្លាវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវសេចក្តីគោរព និងកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុតគោរពជូនចំពោះ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី បំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តមជូនជាតិមាតុភូមិ ពិសេសបន្តដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមម្លប់ដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានារក្សាការពារយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ កិត្យានុភាព វិបុលភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរ។

ជាថ្មីម្តងទៀត ឆ្លៀតក្នុងឱកាសដ៏បវរមហាប្រសើរនេះ យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយបួងសួងដល់វត្ថុ ស័ក្ដិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ពិសេសទេវតាឆ្នាំថ្មី សូមព្រះអង្គប្រោសប្រទាននូវ សព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូន ឯកឧត្តមសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រីជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ និងសូមសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕