អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្តយោធា អគ្គបញ្ជាការដ្ឋាន បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

(ភ្នំពេញ)៖ មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាន នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ  បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសនោះ ឯកឧត្ដម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃដែលថ្នាក់ដឹកនាំមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្តយោធា និងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងការបំពេញតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានសមិទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ។

ខណៈថ្លែងលើកសរសើរដល់ការអនុវត្តតួនាទី ភារកិច្ចរបស់មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា ឯកឧត្ដម ក៏បានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនយោធិនពិការ និងសោធននិវត្តន៍ដែលបានលះបង់កម្លាំងកាយ-ចិត្ត និងអាយុជីវិត ដើម្បីជាតិ មាតុភូមិនៃយើង។

មានមតិផ្ដាំផ្ញើក្នុងពិធីនេះដែរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ បានណែនាំឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា  គោរពវិន័យ បទបញ្ជា និងយកចិត្តទុកដាក់បំពេញការងារតាមជំនាញ ដើម្បីសម្រេចជោគជ័យជូនថ្នាក់ដឹកនាំអគ្គបញ្ជាការ និងចូលរួមការពារសុខសន្តិភាពជូនជាតិមាតុភូមិរបស់យើង៕