អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Jones Group International របស់សហរដ្ឋអាមេរិក

(ភ្នំពេញ)៖ រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ជីម ចូន (Jim Jones) នាយកប្រតិបត្តិក្រុមហ៊ុន Jones Group International របស់សហរដ្ឋអាមេរិក នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍ចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ជីម ចូន និងសហការី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយឯកឧត្តមជឿជាក់ថា តាមរយដំណើរបំពេញទស្សនកិច្ចពេលនេះ នឹងជំរុញលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ កម្ពុជា-សហរដ្ឋអាមេរិក ឱ្យកាន់តែប្រសើរឡើង។ 

ឯកឧត្តម អគ្គមេបញ្ជាការ បានជម្រាបជូនពីស្ថានភាពមួយចំនួននៅកម្ពុជា ដែលកំពុងគ្របដណ្តប់ដោយសន្តិភាព និងការអភិវឌ្ឍ ហើយជោគជ័យថ្មីៗគឺការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលប្រព្រឹត្តទៅដោយរលូន ស្មើភាព សេរី យុត្តិធម៌ គ្មានអំពើហិង្សា។

លើទំនាក់ទំនង និងកិច្ចសហប្រតបត្តិការប្រទេសទាំងពីរ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានរំលឹកពីទំនាក់ទំនង កម្ពុជា-សហរដ្ឋអាមេរិក ដែលមានរយៈពេលជាង៧០ឆ្នាំមកហើយ ដោយឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងសកម្មភាពចូលរួមដំណើរការបង្រួបបង្រួមជាតិ ការកសាងនិងរក្សាសន្តិភាពនៅកម្ពុជា នាទស្សវត្សទី៩០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ 

ឯកឧត្តមអគ្គមេបញ្ជាការ បានលើកឡើងពីការរួមចំណែកអភិវឌ្ឍលើវិស័យមួយចំនួនរបស់សហរដ្ឋអាមេរិក ដូចជា កសិកម្ម អប់រំ សុខាភិបាល សកម្មភាពដោះមីននៅកម្ពុជា ការជួយបណ្តុះបណ្តាលដល់កម្លាំងរក្សាសន្តិភាព ហើយថ្មីៗនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ជំនួយឡើងវិញ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។

ឯកឧត្តមអគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សហរដ្ឋអាមេរិក តាមរយៈការផ្តល់ឡើងវិញវគ្គបណ្តុះបណ្ដាលផ្នែកសន្តិសុខ ភាសាអង់គ្លេស ការចូលរួមកិច្ចប្រជុំនានារៀបចំដោយកងទ័ពសហរដ្ឋអាមេរិក ហើយអគ្គបញ្ជាការ តែងគាំទ្រដល់ការរៀបចំកិច្ចប្រជុំយោធានានារបស់សហរដ្ឋអាមេរិក ជាពិសេសកិច្ចប្រជុំអគ្គមេបញ្ជាកការកងទ័ពឥណ្ឌូប៉ាស៊ីហ្វិក។

ឯកឧត្តមអគ្គមេបញ្ជាការ បានស្នើដល់ឯកឧត្តមនាយឧត្តមសេនីយ៍ នាយកប្រតិបត្តិក្រុមហ៊ុន Jones Group International ក្នុងការជំរុញក្រុមហ៊ុនផ្សេងៗឲ្យមកវិនិយោគនៅកម្ពុជា ដើម្បីធ្វើបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាការជួយបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ។ 

ក្នុងកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ ជីម ចូន បានថ្លែងអំណរគុណចំពោះពាក្យពេចន៍លើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ដែលប្រកបទៅដោយអត្ថន័យ និងបានកោតសរសើរចំពោះការដឹកនាំ និងការរីកចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងពេលបច្ចុប្បន្ន។

ឯកឧត្តម នាយឧត្តមសេនីយ៍ ជីម ចូន បានគូបញ្ជាក់ថា ជាការពិតសមាសភាពខាងវិស័យយោធាបានដើរតួនាទីដ៏សំខាន់ក្នុងការថែរក្សាសន្តិសុខពិភពលោក ប៉ុន្តែមិនត្រូវភ្លេចនូវតួនាទីដ៏សំខាន់របស់វិស័យសេដ្ឋកិច្ច វិស័យថាមពល វិស័យព័ត៌មានវិទ្យា ដែលកំពុងចូលរួមចំណែកធ្វើឲ្យមានស្ថិភាពក្នុងពេលបច្ចុប្បន្ននេះ។

តាមមតិឯកឧត្តមនាយឧត្តមសេនីយ៍ ជីម ចូន គឺចង់ឃើញទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក មានភាពល្អប្រសើរជាមួយគ្នាច្រើន ដែលមិនត្រឹមតែលើវិស័យពាណិជ្ជកម្ម ការដោះដូរទំនិញប៉ុណ្ណោះទេ ពោលគឺលើគ្រប់វិស័យទាំងអស់ ហើយនេះគឺជាការចាប់ផ្ដើមបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕