អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

កងយោធពលខេមរភូមិន្ទ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៉ី ដែលផ្សព្វផ្សាយបំភ្លៃ និងញុះញង់លើ សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមគ្រួសារ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងអគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមប្រកាសប្រឆាំងនិងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបានផ្សព្វផ្សាយបំភ្លៃនិង ញុះញង់តាមបណ្ដាញសង្គមមកលើ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគ្រួសារ។

ការចោទប្រកាន់យ៉ាងគឃ្លើនរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ គឺជាការញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងជាអំពើល្មើសច្បាប់ ដែលត្រូវប្រឈមនឹងការផ្ដន្ទាទោស ដូចមានចែងនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំទាំងអស់គ្នា ប្តេជ្ញាដាច់ខាត ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគ្រួសារសម្ដេច ព្រមទាំងគាំទ្រជាឱឡារិក ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។

យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនភ្លាមជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី និងបក្សពួក បើក្រុមនេះ ជាន់ដីកម្ពុជា និងស្នើឱ្យតុលាការចាត់វិធានការច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត ដោយគ្មានការលើកលែង៕