អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្ដមសេនីយ៍ឯក ហួត ឈាងអន៖ យោធិនទាំងអស់ចំណុះទីចាត់ការចលនូប្បត្ថម្ភ ត្រូវគោរពអនុវត្តវិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន បើរកឃើញពាក់ព័ន្ធគ្រឿងញៀននឹងបណ្តេញចេញពីក្របខណ្ឌ

(ភ្នំពេញ)៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ បានគូសបញ្ជាក់ថា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំណុះទីចាត់ការចលនូប្បត្ថម្ភ ត្រូវគោរពអនុវត្តវិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន បើរកឃើញពាក់ព័ន្ធគ្រឿងញៀននឹងបណ្តេញចេញពីក្របខណ្ឌ។

ការគូសបញ្ជាក់របស់ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានធ្វើឡើងក្នុងឱកាសប្រជុំបូកសរុបលទ្ធផលការងារខែកុម្ភៈ និងដាក់ទិសដៅអនុវត្តការងារខែមីនា នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាន។ 

នាឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្ដម នាយកទីចាត់ការ ក៏បានថ្លែងកោតសរសើរចំពោះការអនុវត្តតួនាទីភារកិច្ចរបស់យោធិននារី និងអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ផងដែរ។ ជាមួយនេះ ឯកឧត្ដម បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរងទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចដែលបានប្រគល់ឲ្យ និងគោរពវិន័យឲ្យបានមុឺងម៉ាត់ យកចិត្តទុកដាក់ចំពោះការងារប្រឡងប្រណាំង ពង្រឹងការសាមគ្គីភាពផ្ទៃក្នុង និងសម្រេចឲ្យបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យ៕