អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យនាយការិយាល័យអនុព័ន្ធយោធាអ៊ុយក្រែន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ឌីមេត្រូ សុតនីឆេនកូ ( Dmytro SOTNICHENKO ) នាយការិយាល័យអនុព័ន្ធយោធាអ៊ុយក្រែនប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ចូលជួបសម្ដែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងជំនួបនោះ លោកវរសេនីយ៍ឯក ឌីមេត្រូ សុតនីឆេនកូ បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានផ្ដល់ពេលវេលាដ៏មានតម្លៃសម្រាប់ជំនួបពិភាក្សា ដោយចាត់ទុកថានេះគឺជាឱកាសដ៏ល្អក្នុងការពង្រីកទំនាក់ទំនងវិស័យយោធាប្រទេសទាំងពីរ។

លោកវរសេនីយ៍ឯក ឌីមេត្រូ សុតនីឆេនកូ បានលើកឡើងពីគោលបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងអ៊ុយក្រែន-កម្ពុជា ក្នុងខណៈដែលកងទ័ពអ៊ុយក្រែនកំពុងធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធបច្ចេកវិទ្យា ដោយអះអាងថាអ៊ុយក្រែនត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការនេះ។

ទន្ទឹមនេះ ដើម្បីបង្កើនទំនាក់ទំនង អ៊ុយក្រែន-កម្ពុជា ឲ្យកាន់តែជិតស្និតនិងស៊ីជម្រៅថែមទៀត លោកវរសេនីយ៍ឯក នាយការិយាល័យអនុព័ន្ធយោធាអ៊ុយក្រែន ក៏បានស្នើឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពរវាងប្រទេសទាំងពីរផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្ថានការណ៍មួយចំនួននៅកម្ពុជា ជាពិសេស សន្តិភាពដែលកើតមានក្នុងរយៈពេល ២៦ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាពពេញលេញ មានការឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមបានរំលឹកថា កម្ពុជា-អ៊ុយក្រែន មានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាតាំងពីឆ្នាំ១៩៩២ ដែលមកដល់បច្ចុប្បន្ននេះមានរយៈពេល៣២ឆ្នាំហើយ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន ដែលបានជួយបណ្តុះបណ្តាលនិស្សិតកម្ពុជាក្នុងអំឡុងទសវត្សន៍៨០ ដែលជាធនធានមនុស្សមានសមត្ថភាពក្នុងការអភិវឌ្ឍប្រទេសកម្ពុជាដល់បច្ចុប្បន្ន។

ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានអះអាងថា កម្ពុជានឹងបន្តគាំទ្រសំណើរបស់អ៊ុយក្រែនចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ហើយក្រៅពីនេះ កម្ពុជាក៏បានផ្តល់ជូនការបណ្តុះបណ្តាលក្នុងក្របខណ្ឌមនុស្សធម៌ដល់អ្នកដោះមីនអ៊ុយក្រែន កាលពីឆ្នាំ២០២៣កន្លងទៅនៅប្រទេសកម្ពុជា៕