អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន នាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃចំនួន ៩វត្ត ក្នុងស្រុកពារាំង

(ព្រៃវែង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ព្រមទាំងក្រុមការងារទាំងអស់ចុះមូលដ្ឋាន ភូមិ ឃុំ ក្នុងស្រុកពារាំង បាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្ដាវត្តចំនួន៩វត្ត ក្នុងឃុំទាំង៩នៃស្រុកពារាំង ខេត្តព្រៃវែង។

ពិធីនេះបានធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងវត្តមេលោង ដោយក្នុងមួយវត្តៗទទួលបាន ទៀនវស្សា ១គូ, ស្លាដក់ ១ឈុត, អង្ករ ២០០គីឡូក្រាម, ស្ករស ១០គីឡូក្រាម, តែ ៥គីឡូក្រាម, ទឹកត្រី ៥យួរ, ទឹកស៊ីអុីវ ៥យួរ, ទឹកដោះគោ ១កេសធំ, មីម៉ាម៉ា ២កេសធំ, ត្រីខកំប៉ុង ២កេសធំ, ទឹកក្រូច ៥កេស, ទឹកបរិសុទ្ធ ៥កេស, ប្រេងម៉ាស៊ូត ១កាន។ ក្រៅពីប្រគេនទៀនវស្សា បច្ច័យនិងទេយ្យទានមួយចំនួនខាងលើហើយនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន និងមន្រ្តីរួមដំណើរ ក៏បានប្រគេនបច្ច័យសម្រាប់កសាងទីអារាម ក្នុង១វត្តចំនួន ៤.៥០០.០០០៛, ប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន ៤៥០.០០០រៀល, ជូនអាចារ្យ និងគណៈកម្មការវត្តចំនួន២នាក់ ក្នុង១នាក់ ៤៥.០០០៛, ជូនយាយជីតាជី ចំនួន៩៨នាក់ ក្នុង១នាក់ ២០.០០០៛ ផងដែរ។ សរុបថវិកាក្នុង១វត្តចំនួន ៧.២៨១.៩០០៛ សរុបថវិការួមមានចំនួន  ៦៧,៤៩៧,៥០០៛ (ហុកសិបប្រាំពីរលានបួនសែនប្រាំបួនម៉ឺនប្រាំពីរពាន់ប្រាំរយរៀល។ 

ក្នុងឱកាសនោះដែរ ឯកឧត្ដម វង្ស ពិសេន បានថ្លែងសួរសុខទុក្ខ សំណេះសំណាលជាមួយប្រជាពលរដ្ឋ យាយជីតាជី និងរំឭកពីការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចេញពីរបបប្រល័យពូសាសន៍ ប៉ុល ពត ដោយនាំមកនូវការរស់ឡើងវិញ ស្វែងរកបានសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានវត្តអារាម និងសាសនាសម្រាប់គោរពបូជាដូចសព្វថ្ងៃនេះ។ 

ឯកឧត្ដម បានគូសបញ្ជាក់ទៀតសម្ដេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលជាច្រើនរួមមានហេដ្ឋារចនាសម្ព័ន្ធរូបវន័្ត ស្ពាន ថ្នល់ វត្តអារាម សាលារៀន។ ល។ សម្រាប់ជាប្រយោជន៍ជូនប្រជាជនគ្រប់រូប ក្នុងនោះក៏មានការបោះបង្គោលព្រំដែន កសាងផ្លូវតាមក្រវ៉ាត់ព្រំដែន ដែលធ្វើឱ្យតំបន់ព្រំដែនក្លាយទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

បច្ចុប្បន្នទាំងសន្តិភាព ការអភិវឌ្ឍប្រទេស និងសមិទ្ធផលនានា ដែលបានកសាងដោយសម្ដេច ហ៊ុន សែន ត្រូវបន្តរក្សាការពារ និងដឹកនាំអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនដោយរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្រៅពីការអភិវឌ្ឍសេដ្ឋកិច្ច និងកសាងសមិទ្ធផលថ្មីៗ នៅថ្ងៃទី៥ ខែសីហា ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបើកការដ្ឋានព្រែកហ្វូណន ជាព្រែកជីកប្រវត្តិសាស្ត្រ មានអត្តប្រយោជន៍ច្រើនក្រៃលែងជួយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ អភិវឌ្ឍវិស័យសេដ្ឋកិច្ច កសិកម្ម ក៏ដូចជាការជួយបញ្ជៀសគ្រោះធម្មជាតិផងដែរ៕