(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកវរនាវីឯក ហ្វេដេរិក ដូម៉ាស់ អនុព័ន្ធយោធាបារាំងចប់អាណត្តិ និងលោកស្រី វរនាវីទោ ប្រេង អាន អនុព័ន្ធយោធាបារាំងតែងតាំងថ្មី មាននិវេសនដ្ឋាននៅទីក្រុងហាណូយ ជួបសម្តែងការគួរសមជម្រាបលា និងបង្ហាញមុខ នៅអគ្គបញ្ជាការដ្ឋាន។
ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជូនពីសភាពការណ៍មួយចំនួននៅកម្ពុជា ជាពិសេស សុខសន្តិភាពពេញលេញដែលកម្ពុជាមានក្នុងរយៈពេល ២៦ឆ្នាំ ព្រមទាំងជោគជ័យនៃប្រតិការណ៍ធំៗដែលសម្រេចបាន រួមមាន: ការគ្រប់គ្រងបជំងឺកូវីដ-១៩ ការធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០.៤១ ការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ការបោះឆ្នោតជាតិ និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី។
ឯកឧត្តម បានរំឭកពីចំណងមិត្តភាព កម្ពុជា-បារាំង ដែលមានរយៈពេលជាយូរលង់ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា និងបានថ្លែងអំណរគុណប្រទេសបារាំងដែលជាស្ថាបនិក និងជាសហប្រធាននៃសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា នៅឆ្នាំ១៩៩១ ដែលនាំឲ្យកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍដល់សព្វថ្ងៃ។
ឯកឧត្តមអគ្គមេបញ្ជាការ បញ្ជាក់ថា មិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងបារាំង បានបង្ហាញកាន់តែច្បាស់តាមរយៈនៃព្រះរាជដំណើរពេញទស្សនកិច្ចរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាដំណើរបំពេញទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសបារាំងកន្លងមកនេះ។
អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កន្លងមកប្រទេសបារាំងធ្លាប់បានជួយដល់កម្ពុជាលើច្រើនវិស័យ មានដូចជា៖ វិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម វិស័យអប់រំ វិស័យសុខាភិបាល ថាមពល ទឹកស្អាត និងការអភិរក្សបេតិកភណ្ឌជាតិ។
ដោយឡែកលើវិស័យយោធា បារាំងបានជួយឧបត្ថម្ភសម្ភារៈ ក៏ដូចជាការជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ក្នុងនោះមាន: វគ្គការពារជាតិ វគ្គបញ្ជាការសេនាធិការ កងរាជអាវុធហត្ថ វិស្វកម្ម ជាពិសេសការបណ្ដុះបណ្ដាលកងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ឯកឧត្តម បានអរគុណដល់នាវាចំបាំងប្រទេសបារាំង ដែលបានចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុក្នុងឆ្នាំ២០២៣ និងដាក់ក្តីសង្ឃឹមថា ទៅថ្ងៃខាងមុខកងទ័ពប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អថែមទៀត ទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្ដូរព័ត៌មានចារកម្ម និងការបង្ក្រាបបទឧក្រិដ្ឋកម្មផ្សេងៗ។
ជាកិច្ចឆ្លើយតប លោកវរនាវីឯក ហ្វេដេរិក ដូម៉ាស់ បានបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំ ដែលលោកបានបំពេញការងារជាអនុព័ន្ធយោធាបារាំងប្រចាំកម្ពុជា រូបលោកមានការចាប់អារម្មណ៍អំពីសារៈសំខាន់របស់កងយោធពលខេមរភូមិន្ទ នៅក្នុងការចូលរួមជាកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
លោកវីរនាវីឯក បានបានកោតសរសើរឯកឧត្តមអគ្គមេបញ្ជាការ ដែលបានរៀបចំឲ្យមានដំណើរទស្សនកិច្ចសម្រាប់អនុព័ន្ធយោធាទាំងអស់ប្រចាំនៅកម្ពុជា ទៅកាន់តំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជា ធ្វើឲ្យបណ្តាអនុព័ន្ធទាំងនោះបានមើលឃើញពីសកម្មភាព និងយល់ច្បាស់ពីតួនាទីរបស់កងយោធពលខេមរភូមិន្ទ។
សម្រាប់កិច្ចសហប្រតិបត្តិការនៅពេលខាងមុខ លោកវរៈនាវីឯក ហ្វេដេរិក ដូម៉ាស់ បានសន្យាថានឹងខិតខំក្នុងកិច្ចសហការបើកវគ្គបំប៉ន និងវគ្គបណ្ដុះបណ្ដាលផ្សេងៗផ្នែកជំនាញដោះមីន ព្រមទាំងសិក្សារកដំណោះស្រាយរាល់សំណូមពររបស់កម្ពុជា ក្នុងនោះនឹងខិតខំឲ្យមានការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកងទ័ពប្រទេសទាំងពីរផងដែរ៕