អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

កងទ័ពកម្ពុជា- ថៃ បង្ហាញការពេញចិត្តចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា

(ភ្នំពេញ)៖ កងទ័ពកម្ពុជា និងថៃ បានបង្ហាញនូវការពេញចិត្តចំពោះចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អ ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍រួមរវាងប្រជាជន និងប្រទេសទាំងពីរ។

ជំហរនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតជូន ឯកឧត្តមនាយឧត្តមនាវី អះឌុង ផាន់ អៀម (Adoong Pan Iam) អគ្គមេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃ និងគណៈប្រតិភូចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអគ្គបញ្ជាការដ្ឋាន។

ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការអបអរសាទរដល់ឯកឧត្តមនាយឧត្តមនាវី អះឌុង ផាន់ អៀម ដែលទើបត្រូវបានតែងតាំងជាអគ្គមេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃ ហើយជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម កងទ័ពជើងទឹកភូមិន្ទថៃ នឹងទទួលបានភាពរីកចម្រើនជាបន្តបន្ទាប់ទៀត។

ឯកឧត្តមអគ្គមេបញ្ជាការ បានលើកឡើងពីសភាពការណ៍ខ្លះនៅកម្ពុជា ដែលមានសន្តិភាពរយៈពេល២៥ឆ្នាំ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សេដ្ឋកិច្ចមានការកើនឡើងជាបន្តបន្ទាប់ ការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩បានល្អ ជាមួយនឹងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមានសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ប្រកបដោយជោគជ័យ។

លើកិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរ ឯកឧត្តមបញ្ជាក់ថា កម្ពុជានិងថៃ គឺជាប្រទេសភូមិផងរបងជាមួយគ្នា តែងតែមានកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ហើយថ្មីៗកន្លងមកនេះ ប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក និងសម្រេចដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ក្នុងនាមក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន វាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ និងបានថ្លែងអំណរគុណកងទ័ពភូមិន្ទថៃ ដែលតែងចូលរួមចំណែកការអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ តាមរយៈការទទួលយកសិក្ខាកាមយោធាកម្ពុជាទៅបណ្តុះបណ្តាលលើមុខជំនាញមួយចំនួនដូចជា វគ្គបញ្ជាការសេនាធិការ វគ្គការពារជាតិ និងវគ្គបណ្តាប្រភេទទ័ពជាដើម។

ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកន្លងមក ក្នុងការផ្លាស់ប្តូរព័ត៌មាន រួមគ្នាទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែននានាតាមព្រំដែន ដូចជា ការជួញដូរអាវុធ គ្រឿងញៀន ជួញដូរមនុស្ស ឆ្លងដែនខុសច្បាប់ ការបំផ្លាញធនធានធម្មជាតិ ដោយសង្ឃឹមថាកងទ័ពប្រទេសទាំងពីរនឹងបន្តសហការគ្នាល្អថែមទៀតទៅថ្ងៃអនាគត។

ក្នុងកិច្ចឆ្លើយតប ឯកឧត្តមនាយឧត្តមនាវី អះឌុង ផាន់ អៀម បានថ្លែងអំណរគុណដល់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ដែលបានទទួលស្វាគមន៍គណៈប្រតិភូយ៉ាងងកក់ក្តៅ និងបានបញ្ជាក់អំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកភូមិន្ទថៃនៅកម្ពុជា ដើម្បីចងសម្ព័ន្ធមេត្រីភាពរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ កម្ពុជា -ថៃ។ 

ឯកឧត្តមនាយឧត្តមនាវី អះឌុង ផាន់ អៀម បានថ្លែងអំណរគុណដល់កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ដែលបានផ្ដល់អាហារូបករណ៍សម្រាប់ការជួយបណ្ដុះបណ្ដាលភាសាខ្មែរដល់កងទ័ពជើងទឹកភូមិន្ទថៃ និងកិច្ចសហការលើដំណោះស្រាយមួយចំនួន ប្រកបដោយស្មារតីនៃការយោគយល់ និងគោរពគ្នាទៅវិញទៅមក៕