(ភ្នំពេញ)៖ ឧត្តមសេនីយ៍ត្រី ហួរ ម៉េងហួង នាយកសាលានាយទាហានសកម្ម នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក សំ សារិន នាយរងសេនាធិកាចម្រុះ ដែលបានទទួលមរណភាពកាលពីថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦៦ ឆ្នាំដោយរោគាពាធ។
ឧត្ដមសេនីយ៍ត្រី ហួរ ម៉េងហួង និងគណៈប្រតិភូ បានសម្ដែងនូវការសោកស្ដាយ ចូលរួមរំលែកទុក្ខជាមួយភរិយា ឧត្ដមសេនីយ៍ឯក សំ សារិន និងក្រុមគ្រួសារសព ចំពោះការបាត់បង់ឧត្តមស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់និងប្រកបដោយព្រហ្មវិហារធម៌នាពេលនេះ។ លោកបានបញ្ជាក់ថានេះជាការបាត់បង់នាយទាហានជាន់ខ្ពស់មួយរូបដែលកន្លងមកបានលះបង់ និងធ្វើពលិកម្ម គ្រប់បែបយ៉ាងដើម្បី បុព្វហេតុជាតិ។
ជាមួយនេះដែរ ឧត្ដមសេនីយ៍ត្រី ហួរ ម៉េងហួង និងគណៈប្រតិភូ ក៏បានឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធសព ឧត្ដមសេនីយ៍ឯក សំ សារិន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕